មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់និងគណៈប្រតិភូចិន បានចូលរួមជាអធិបតីក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ ដើម្បីរំលឹកខួបលើកទី 75 នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា នៅល្ងាចថ្ងៃទី 8 ខែកញ្ញា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានប្រារព្ធពិធីដង្ហែក្បួនយោធានៅរដ្ឋធានីព្យុងយ៉ាងដើម្បីអបអរសាទរខួបលើកទី 75 នៃទិវាជាតិរបស់ខ្លួន។ ក្នុងពិធីសំខាន់នោះ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងដែលមានឈ្មោះថា Kim Ju-ae ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះដែរ។
គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Liu Guozhong ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក៏បានទស្សនាក្បួនដង្ហែផងដែរ។
យោងតាម KCNA បានឱ្យដឹងថា ភាគីរុស្ស៊ីមិនបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅព្រឹត្តិការណ៍នេះទេ ផ្ទុយទៅវិញមានក្បួនយោធារបស់រុស្ស៊ីចូលរួម ។
ក្បួនដង្ហែព្យុហយាត្រាយោធាបានបង្ហាញពីក្បួនរថយន្តចល័តខ្ពស់ និងកាំជ្រួចប្រឆាំងរថក្រោះដែលទាញដោយត្រាក់ទ័រ។ មីស៊ីលផ្លោងអន្តរទ្វីបនិងអាវុធយុទ្ធសាស្ត្រមិនបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap នេះជាលើកទី៣ហើយនៅឆ្នាំនេះដែលក្រុងព្យុងយ៉ាងបានធ្វើព្យុហយាត្រាយោធា។ ក្បួនព្យុហយាត្រាយោធាថ្មីបំផុតបានធ្វើឡើងនៅក្នុងខែកក្កដា ក្នុងខួបលើកទី 70 នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ (1950-1953) ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA