ព័ត៌មានទាន់ហេតុការណ៍៖

មន្រី្តជំនាញប្រមូល និងដកហូតបានទំនិញគ្មានអនុលោមភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះធ្វេីសកម្មភាពត្រួតពិនិត្យនៅតាមទីផ្សារនានា​ ក្នុងរាជាធានី-ខេត្ត​ ក្នុងទិសដៅការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅ។ 

ជាក់ស្តែងមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ  និងរាជធានីភ្នំពេញ បានដកហូតទំនិញចម្រុះចំនួន ១១១.៧៥គីឡូក្រាមនៅលើទីផ្សារ បន្ទាប់ពីបានរកឃើញកំឡុងពេលត្រួតពិនិត្យនៅតាមផ្ទះលក់ទំនិញ ដេប៉ូចែកចាយទំនិញ ជាពិសេសទីផ្សារសំខាន់ៗនានា​ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​នេះ​។ 

សូមជម្រាបជូនថា​ ទំនិញមិនមានភាពអនុលោមខាងលើត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរបស់សាខា ហើយបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនអនុលោម ស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានោះ​ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានី ខេត្តចំនួន ៤ គឺមានខេត្តកំពត ខេត្តកណ្ដាល ខេត្តកំពង់  និងរាជធានីភ្នំពេញ ក៏បានបន្តចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈស្ថិតនៅតាមទីតាំងគោលដៅផ្សេងគ្នា។ ជាក់ស្ដែង​ជាលទ្ធផល​ មន្ត្រីជំនាញ​បានរកឃើញស្ថានីយ​ និងដេប៉ូប្រេង​ឥន្ធនៈ​មិនអនុលោម ចំនួន ៣ទីតាំង ក្នុងចំណោម ១១ ទីតាំងក្នុងខេត្តទាំង ៤ ខាងលើ និងបានពិន័យទៅតាមច្បាប់ដែលមានចែងផងដែរ។

គួរបញ្ជាក់ដែរថា​ កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលមិញនេះ​ដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ដោយមានការយល់ព្រមពីលោកព្រះរាអាជ្ញារ បានចុះទៅដល់ទីកន្លែងដែលមានករណីពុលស្ថិតក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ករណីពុលនេះគឺកើតឡើងក្រោយពីបុរសម្នាក់បានស្លាប់ក្រោយពិសារស្រារថ្នាំជុំគ្នា។ 

ក្រោយពីមន្រ្តីជំនាញពិនិត្យបឋមរួមមក មន្រ្តីក៏បានស្រង់យកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍ធំនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យរកសារធាតុពុលផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖