វៀតណាម៖ តុលាការក្រុងហូជីមិញ នៅវៀតណាមខាងត្បូង បានកាត់ទោសប្រហារជីវិតមនុស្សបួននាក់ កាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ ចំពោះការលួចដឹកជញ្ជូនថ្នាំញៀន១២គីឡូក្រាមទៅពីកម្ពុជា។
យោងតាមក្រុមរដ្ឋអាជ្ញា បាននិយាយថា វូ ចុង ងៀ(Vu Trong Nghia) អាយុ២៨ឆ្នាំ និងគូស្នេហ៍របស់ខ្លួននាង ចាន់ ធី ចាង( Tran Thi Trang)អាយុ៣១ឆ្នាំ ដែលជាមេក្លោងនៃការដឹកជញ្ជូននិងជួញដូរថ្នាំញៀននេះត្រូវបានតុលាការប្រជាជនក្រុងហូជីមិញកាត់ទោសប្រហារជីវិតកាលពីថ្ងៃ២៨កញ្ញា ចំពោះការជួញដូរសារធាតុញៀនខុសច្បាប់ និងស្តុកទុកសព្វាវុធយោធាដោយខុសច្បាប់។ រីឯជនសមគំនិតឈ្មោះ ផាំ វ៉ាន់ សឺន(Pham Van Son)និងឈ្មោះ ង្វៀន វ៉ាន់ វូយ(Nguyen Van Vui) ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ នៅពេលជនពាក់ព័ន្ធដទៃទៀតជាប់ទោសពីប្រាំបីឆ្នាំដល់មួយជីវិតចំពោះបទចោទប្រកាន់ដូចគ្នា។
ប្រភពដដែលបន្តថា តាមពិតថ្នាំញៀនជាក់ស្តែងដែលក្រុមនេះជួញដូរមានបរិមាណច្រើនជាងនេះ។
គួររម្លឹកថា ជនសង្ស័យឈ្មោះងៀ កាលពីខែតុលា ឆ្នាំ២០១៨ បានឡើងពីក្រុងហាហ្វុងទៅកាន់ទីក្រុងហូជីមិញ។ ជននេះក្រោយមកបានស្គាល់នាងចាងនិងបានរស់នៅជាមួយគ្នា។នៅពេលដឹងថានាងចាងរកស៊ីថ្នាំញៀន ពួកគេក៏ពិភាក្សាគ្នាអំពីការទិញថ្នាំញៀនច្រើនៗពីកម្ពុជាទៅលក់នៅវៀតណាម។
លុះនៅខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះងៀ បានឡើងមកកម្ពុជាដើម្បីទាក់ទងមនុស្សម្នាក់ឈ្មោះ អាជា(A Chia)ដើម្បីទិញថ្នាំញៀន។ ចាប់ពីខែមករាឆ្នាំ២០១៩ ដល់មីនាឆ្នាំ២០១៩ ឈ្មោះ ងៀ បានទិញថ្នាំញៀន១២គីឡូក្រាម រួមមាន៖កេតាមីន និងមេតំហ្វេតាមីនពីអាជា និងបន្ទាប់មកផ្តល់វាអោយនាងចាងនិងអ្នកសមគំនិតដទៃទៀតយកទៅលក់។ ក្នុងការជួញដូរក្រោយមកទៀត ឈ្មោះងៀ និងសឺន ព្រមទាំងឈ្មោះវូយ បានឡើងមកកម្ពុជាដើម្បីរកទិញថ្នាំញៀន។ ហើយឈ្មោះងៀ ក៏បានទិញកាំភ្លើងខ្លីមួយដេីមឱ្យទៅឈ្មោះ សឺន និងវូយ រួមជាមួយគ្រាប់១១គ្រាប់ដើម្បីការពារខ្លួន។
ក្រុមរដ្ឋអាជ្ញា បានឱ្យដឹងទៀតថា ឈ្មោះសឺន បាននាំថ្នាំញៀនពីកម្ពុជាទៅកាន់វៀតណាមចំនួន៤លើក និងបានចំណាយប្រាក់១០០លានដុង(៤.០៩៨ដុល្លារ)។ រីឯឈ្មោះវូយ ក៏បានធ្វើដូចគ្នាចំនួន៥លើក និងចំណាយលុយអស់១១៥លានដុង។
គួរបញ្ជាក់ដែរថា ប៉ូលិសក្រុងហូជីមិញមួយក្រុម កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បានត្រួតពិនិត្យរថយន្តមួយនៅផ្លូវបំបែកក្នុងសង្កាត់លេខប្រាំ និងបានរកឃើញថា សឺននិងងៀមានកាំភ្លើងនិងថ្នាំញៀនមួយចំនួនតូចនៅក្នុងរថយន្ត។ ចំពោះការស៊ើបអង្កេតបន្ថែមបង្ហាញបណ្តាញថ្នាំញៀនរបស់ងៀនិងចាង៕
ដោយ៖ សហការី