ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៦០គ្រួសារលើផ្ទៃអាងត្រពាំងថ្ម​ តំបន់ដាច់ស្រយាលទទួលគ្រឿងឧបភោគបរិភោគពីលោក អ៊ុំ​ រាត្រី​ និងលោកស្រីជាភរិយា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិឈូកអាង​ ឃុំពន្លៃ​ ស្រុកភ្នំ​ស្រុក ចំនួន៦០គ្រួសារ​ទទួលបានគ្រឿងបរិភោគនិងឧបភោគពីលោក អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្ត​ និងលោកស្រីជាភរិយា ដឹកនាំដោយលោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលមានការចូលរួមពីលោក​ ជូ​ បុត្រ​ អភិបាលនៃគណៈអភិបាលស្រុក លោកស្រីអភិបាលរង​ កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ​ អាជ្ញាធរមូលដ្ឋានបានចូលរួមនារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ​២០២៣។ 

    នាឱកាសនោះលោក​ ឃ្លោក​ នួយ​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តនិងលោកស្រី ជូនដល់បងប្អូនដែលរស់នៅដោយក្តីនឹករលឹក។​ មួយវិញទៀតលោកបាន​ណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ​ តាមរយៈការហូបស្អាត​ ផឹកស្អាត​ និងរស់នៅស្អាតប្រកបដោយអនាម័យ។ 

ដោយតំបន់ខាងលើស្ថិតនៅផ្ទៃអាងត្រពាំងថ្ម​ ជាជម្រកមច្ឆជាតិ​ លោកអភិបាលរងខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ដែលប្រកបរបរនេសាទ​ នៅចំណុចអាងត្រពាំងថ្មនេះ​ សូមកុំប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់​ ពិសេសឧបករណ៍​ឆក់​ជាដើម ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ពូជត្រី​ ។  ដូច្នេះលោកក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​បើសិនជាមានករណីនេសាទដោយប្រើប្រាស់​ឧបករណ៍​ឆក់​ ឬឧបករណ៍ផ្សេងៗដែលច្បា​ប់ហាមឃាត់​ សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា ។ 

   សូមបញ្ជាក់​ថា​ ប្រជាពលរដ្ឋទាំង៦០គ្រួសារ​ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម​,​ មី១១កញ្ចប់,​ ត្រីខមួយយួរ ទឹកស៊ីអ៉ីវ៣ដប​ និងទឹកត្រី៣ដបផងដែរ៕ 

ដោយ៖ វណ្ណា


ចែករំលែក៖