ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា ៖ ក្រោយពី ឯកឧត្តម សៅ សុខា បានជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាបាល់ទាត់ ពីមួយឆ្នាំទៅមួយឆ្នាំ មានការអភិវឌ្ឍន៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ឌី វិជ្ជា អគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា ៖ 

នាអំឡុងឆ្នាំ២០១០ ដោយការបោះឆ្នោតជាប់ខ្ញុំបានចូលរួមជាសមាជិកគណៈកម្មការ និងទទួលជាអគ្គហេរញ្ញិក ហើយកាលនោះខ្ញ៉ំមិនដែលបានគិត ក៏ដូចជាបានយល់អំពី វិស័យកីឡាបាល់ទាត់នៅកម្ពុជានៅឡើយទេ។ នៅអំឡុងឆ្នាំនោះ ខ្ញុំបានឃើញថា គឺព៉ំមានអ្វីៗដូចសព្វថ្ងៃទេ រចនាសម្ព័ន្ធ ធនធានមនុស្សនៅខ្វះខាតយ៉ាងធំធេង ហើយក៏ត្រូវបានរៀបចំ និងស្តារឡើងវិញ ក្រោយពី ឯកឧត្តម សៅ សុខា បានជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានឃើញនូវការវិវឌ្ឍន៍ជាបណ្តើរៗ រួមតាំងពីរចនាសម្ព័ន្ធការដឹកនាំរបស់សហព័ន្ធ រចនាសម្ព័ន្ធរបស់វិស័យបាល់ទាត់ ជាពិសេសគឺ សំដៅលើធនធានមនុស្ស និងកីឡាករជម្រើសជាតិ រហូតមកដល់សព្វថ្ងៃ យើងក៏បានឃើញទាំងអស់គ្នាហើយថា វិស័យកីឡាបាល់ទាត់នៅកម្ពុជាយើងរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតមែនថាយើងលេងពេលខ្លះឈ្នះ ពេលខ្លះមិនឈ្នះ ប៉ុន្តែការវិវត្តន៍ពីជាង១០ឆ្នាំមុន មកដល់ឥឡូវនេះគឺ ពិតជាមានការវិវឌ្ឍន៍ធំធេង ហើយធនធានមនុស្ស ជាពិសេសគឺ កម្រិតលេងគុណភាពរបស់កីឡាករជម្រើសជាតិយើងលេងបានល្អ ដោយទទួលបាននូវការគាំទ្រ ពីបងប្អូនដែលជាអ្នកស្រឡាញ់វិស័យកីឡាបាល់ទាត់ តាំងពី៥០នាក់ ៣០០នាក់ រហូតមកដល់ពេលប្រកួតម្តងៗមិនតិចពី ៣០,០០០ ទៅ ៥០,០០០នាក់ នោះទេ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្តថា ៖ មួយរយៈក្រោយខ្លីនេះ គឺខ្ញុំឃើញថាមានមតិមហាជន ក៏ដូចជាអ្នកគាំទ្រវិស័យបាល់ទាត់រិះគន់លើសហព័ន្ធ អំពីបញ្ហានេះ បញ្ហានោះ រហូតដល់ឱ្យ ឯកឧត្តម សៅ សុខា ជាប្រធានសហព័ន្ធ លាលែងពីតំណែង ក្នុងរឿងនេះ ខ្ញុំមិនគាំទ្រដាច់ខាតឡើយ ពាក់ព័ន្ធទៅលើការរិះគន់ និងទាមទារឱ្យគាត់ចុះចេញពីតំណែង។ ខ្ញុំបានចូលរួមកិច្ចការងារនេះយូរឆ្នាំមកហើយជាមួយនឹងគាត់ ក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិដ៏ទៃទៀតនៅក្នុងសហព័ន្ធផងដែរ ឯកឧត្តមប្រធាន សៅ សុខា គាត់បានលះបង់យ៉ាងច្រើនលើវិស័យកីឡាបាល់ទាត់នៅកម្ពុជា ទាំងពេលវេលា ទាំងសុខភាព ទាំងធនធាននានា ដើម្បីឱ្យកីឡាបាល់ទាត់កម្ពុជាបានរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ គាត់បានចំណាយពេលវេលារបស់គាត់ ជួបជាមួយបណ្តាក្រុមហ៊ុនឯកជនមិនគិតថ្ងៃយប់ ដើម្បីធ្វើយ៉ាងណាទាក់ទាញឱ្យគេជឿជាក់ និងឧបត្ថម្ភគាំទ្រវិស័យបាល់ទាត់កម្ពុជានេះ ជាពិសេសឱ្យមានការប្រកួតលីគកម្ពុជាជាប្រចាំឆ្នាំ ព្រមទាំងការបង្កើតសាលាបាល់ទាត់ជាតិបាទី ក៏ដូចជាចំណាយផ្សេងៗទៀតជាច្រើន របស់ក្រុមជម្រើសជាតិពេលប្រកួតម្តងៗ។ យើងជាអ្នកគាំទ្រលើវិស័យនេះ សូមចូលរួមពិនិត្យមើលទៅលើការវិវឌ្ឍន៍ តាំងពីសហព័ន្ធបាតដៃទទេរហូតមកដល់ឥឡូវនេះ យើងវិវឌ្ឍន៍ដល់កម្រិតណា ហើយយើងមានអ្វីខ្លះដល់សព្វថ្ងៃ។ 

គ្រាន់តែក្លិបព្រះខ័នរាជស្វាយរៀងមួយ ខ្ញុំត្រូវរិះរកគ្រប់បែបយ៉ាងស្វែងរកការជួយឧបត្ថម្ភក្លិប ដើម្បីឱ្យដំណើរការដោយរលូន ហើយចុះទំរាំគ្រប់គ្រងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងមូល តើត្រូវគិតគូរអ្វីខ្លះ? ការងារមានដំណាក់កាលរបស់វា និងសំខាន់នោះយើងនៅបន្តធ្វើវាឥតឈប់ឈរ ដើម្បីការអភិវឌ្ឍបន្ថែមឆ្ពោះទៅមុខទៀត។ យើងទាំងអស់គ្នាបានមើលការប្រកួត ទាំងថ្នាក់លីគ ថ្នាក់ជាតិ អន្តជាតិ យើងស្រែកហ៊ោសប្បាយ មានយំ មានសើច ហើយទាំងអស់នេះគឺ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធាន សៅ សុខា ក៍ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិនានាផងដែរ។ 

លោកបន្តថា៖ ខ្ញុំសូម​អរគុណសារជាថ្មី ដល់ពុកម៉ែពូមីងបងប្អូនដែលជាអ្នកស្រលាញ់គាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទាំងអស់ និងសូមបន្តគាំទ្រលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសកីឡាករ ដើម្បីឱ្យពួកគាត់មានទឹកចិត្តក្នុងការរៀបចំ ក៍ដូចជាប្រកួតនានា ឱ្យទទួលបានផ្លែផ្កាបន្ថែមទៀតទៅតាមផែនការ។ #កម្ពុជា #Cambodia #ឌីវិជ្ជា #DyVichea ៕ 

ដោយ ៖ សហការី


ចែករំលែក៖