ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែ​កក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នព​ បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់​គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបជូនថា​ មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ផ្ញើ​នូវ​សារលិខិតចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយ​ទទួល​ដំណឹង​ថា ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ និង​ជា​ម្តាយ​បង្កើត​របស់​លោក​ជំទាវ បានទទួលមរណភាព ថ្ងៃ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ 

ក្នុង​វេលា​ប្រកប​ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងភរិយា ក៏សូម​សម្ដែង​នូវ​ការ​សោក​ស្តាយ ​ដោយក្តីអាឡោះអាល័យជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ ចំពោះ​ការ​បាត់​បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​កូន​ៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសិកា យិប ថាំកេសន បាន​ខិតខំ​ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជា​ធន​ធាន​មនុស្សដ៏មា​នតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នក​ដឹកនាំ​សម្រាប់​សង្គ​ម​ជា​តិ។ 

សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ក៏សូម​ឧទ្ទិស​បួង​សួង​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​ឧបាសិកា យិបចាំកសន សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅ​ក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចារ​លើ​សៀវភៅ​មរណទុក្ខ​ជា​មួយក្រុមគ្រួសារ នៃសពមហាឧបាសិកា យិប ថាំកេសន ក្នុងខ្លឹមសារជាអាទិ៍ថា «យើង​ខ្ញុំសូមជូនដំណើរអ្នកមីងជាលើកចុងក្រោយ ត្រឹមពេលនេះ។ ដោយការ​គោរព​ស្រឡាញ់​ពីក្មួយៗ​។»

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានចូលរួមថវិកាជាបច្ច័យចំនួន ២០លានរៀល ដើម្បី​ចូលរួមក្នុងពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ផងដែរ តាមរយៈលោក សេង ទៀង ៕

ដោយ​៖ សហការី​


ចែករំលែក៖