ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលមានអ្នកចូលរួមមកពី ២៥រាជធានីខេត្ត សរុបចំនួនប្រមាណជា ១៤០នាក់។ សិក្ខាសាលានេះធ្វើឡើង ដើម្បីប្រមូលធាតុចូល នឹងបង្ហាញលទ្ធផល កំណត់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងបានផ្ទេរឱ្យអនុវត្តនាពេលកន្លងមក សម្រាប់យកទៅបញ្ចូលក្នុងរបាយ ការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិស ដៅឆ្នាំ២០២៤របស់ក្រសួងបរិស្ថាននាពេលឆាប់ៗខាង មុខនេះ។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ មាន ប្រសាសន៍ថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងមុខងារវិស័យបរិស្ថាន និងធនធានធម្មជាតិដែលបានប្រគល់ជូនរដ្ឋបាលក្រុងខណ្ឌស្រុក រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការ អនុវត្តសកម្មភាពការងារយ៉ាងសកម្ម នឹងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពិនិត្យនូវវឌ្ឍនភាពនូវការអនុវត្តមុខងារវិស័យបរិស្ថាននិងធន ធានធម្មជាតិ ដែលបានអនុវត្តដោយរដ្ឋបាលក្រុងខណ្ឌស្រុក កន្លងមក និងប្រមូលនូវធាតុចូលសម្រាប់ចំណុចខ្វះខាតក្នុងការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ចាយ សាមិត្ត មាន ប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង  អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសម្រាប់រាជធានីភ្នំពេញ និងអនុក្រឹត្យលេខ ១៨៤អនក្រ.បកស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្នុងគោលបំណងលើក កម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុងខណ្ឌស្រុក។ លោកបន្តទៀតថា ក្នុងនោះ មុនងារវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួង បរិស្ថានបានប្រគល់ជូនរដ្ឋបាលក្រុង ខណ្ឌ និងស្រុករួមមាន៖ ១.ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ២.ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ៣.ការងារគាំពារបរិស្ថាន ៤.ការងារផ្សព្វផ្សាយ និង៥.ការងារអភិវឌ្ឍដោយចីរភាព ដែលគាំទ្រដល់ការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថាន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

លោករដ្ឋលេខាធិការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធ ភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង៕

ដោយ៖ សូរិយា


ចែករំលែក៖