ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងរវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឱ្យលោកអធិការរងស្រុកកៀនស្វាយម្នាក់ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បានស្លាប់យ៉ាងរន្ធត់ ក្នុងនោះក៏មាននារី២នាក់និងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះអាយុជីវិត ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១១ខែមករា ឆ្នាំ ២០២៤ នៅចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ហេង សុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ។ ទី២-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនឹងវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតក្នុងនោះមានមន្រ្តីនគរបាល២រូបផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដចំពីមុខពេញទំហឹងប្លោងខ្ទាត
ទៅបោកផ្ទប់នឹងរបងបណ្តាលឱ្យមន្រ្តីនគរបាល២រូបបានស្លាប់ ដោយម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋនិងម្នាក់ទៀតជាអធិការរងស្រុកកៀនស្វាយ ក្នុងនោះក៏មានបុរសម្នាក់និងស្រ្តី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះអាយុជីវិតភ្លាមៗ ។ ដោយឡែកប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីដ រងរបួសតិចតួច ត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅបានធ្វេីការពិនិត្យជុំវិញទីតាំងកើតហេតុរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញឱ្យមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមនីតិវិធី ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ