ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់​! រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង​ បណ្ដាលឱ្យលោកអធិការ​រងស្រុកកៀនស្វាយម្នាក់​ និងនាយរង​ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋម្នាក់ទៀតបានស្លាប់​ ខណៈនារី២នាក់និងបុរសម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង​រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង​ បណ្ដាលឱ្យ​លោកអធិកា​ររងស្រុកកៀនស្វាយម្នាក់​ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បានស្លាប់យ៉ាងរន្ធត់​ ក្នុងនោះក៏មាននារី២នាក់និងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះអាយុជីវិត​ ។ 

​    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១១ខែមករា​ ឆ្នាំ ២០២៤​ នៅចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

​    ជនរងគ្រោះដែលស្លាប់​ ទី១-ឈ្មោះ ហេង​ សុីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ។​ ទី២​-ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។

​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស​ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន​ ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនឹងវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350​ ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតក្នុងនោះមានមន្រ្តីនគរបាល២រូបផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១​ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន​ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដចំពីមុខពេញទំហឹងប្លោងខ្ទាត

ទៅបោកផ្ទប់នឹងរបងបណ្តាលឱ្យមន្រ្តីនគរបាល២រូបបានស្លាប់ ដោយម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋនិងម្នាក់ទៀតជាអធិការរងស្រុកកៀនស្វាយ ក្នុងនោះក៏មានបុរសម្នាក់និងស្រ្តី២នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះអាយុជីវិតភ្លាមៗ ។ ដោយឡែកប្តីប្រពន្ធ២នាក់ដែលបើករថយន្តកាមរីហាយប្រ៊ីដ រងរបួសតិចតួច​ ត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។

​    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​បានធ្វេីការពិនិត្យជុំវិញទីតាំងកើតហេតុរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ​ឱ្យមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមនីតិវិធី​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ​និងប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖