ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែកពោធិ នៅស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​

ចែករំលែក៖

ខេត្តកំពង់ចាម​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត​ ខែបុស្ស​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹង​ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០២៤​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ អមដំណើរដោយឯកឧត្តម​ថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តកំពង់ចាម​​ អញ្ជើញ​ចុះ​ពិនិត្យ​​វឌ្ឍនភាព​គម្រោង​​​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែកពោធិ នៅឃុំព្រែកពោធិ​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់ចាម​​ ដោយមានការចូលរួម​ពី​​​ឯកឧត្តម ខ្លួត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ ​​​ប្រតិភូធនាគារ​អភិវឌ្ឍន៍អាស៊ី​ តំណាងដៃគូអភិវឌ្ឍន៍​​ ​និង​ទីប្រឹក្សា​បច្ចេកទេស​​។​

សូមជម្រាប​ថា​ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ​ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដី​មានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹក​ទំនើប​បំពាក់ម៉ូទ័រ៧គ្រឿងចំនួន១កន្លែង។​​ ប្រព័ន្ធធារាសាស្ត្រ នេះ​មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប​ចំនួន ១៤​ ៤២០ ហិកតា ក្នុងនោះ​ផ្ទៃដីរដូវវស្សា ៧ ៦២០ ហិកតា និងផ្ទៃដីរដូវ​ប្រាំងចំនួន​ ៦ ៨០០ ហិកតា​ លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល និង​ផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាស​ជួបជាមួយសហគមន៍លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ គម្រោងប្រព័ន្ធធារាស្រ្ត​ព្រែកពោធិ​នេះមាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​​​បំពាក់ដោយស្ថានីយបូម ទឹកទំនើប​បូមទឹកពីប្រភព​ទន្លេ​មេគង្គ​ ​ដែលមានសក្តានុពល​ក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់​វិស័យ​ សម្រាប់បម្រើឱ្យ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ​​ ជាសមិទ្ធផលថ្មីមួយ​ទៀត​របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋ សភា​​ ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា។​

ជាមជាមួយគ្នានេះដែលោករដ្ឋមន្រ្តី​បានថ្លែងការកោត សរសើរដល់​ក្រុមការងារបច្ចេកទេសសាងសង់​ដែល​បាន​​ខិតខំធ្វើការ​ បើទោះជា​​ជួបឧបសគ្គ​ ​​និងបញ្ហាប្រឈមមួយចំនួន​ក្នុង​ពេលនៃ​ការរីករាលនៃ​ជំងឺកូវីដ១៩​ក៏​ដោយ។ លោករដ្ឋមន្ត្រី​ក៏​បាន​ណែនាំដល់មន្ទីរធនធាន ទឹក និងឧតុនិយម​ត្រូវបន្តតាមដាន និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរដែនដី​ និងអ្នកពាក់ព័ន្ធទាំងអស់​​​ធ្វើយ៉ាងណាឱ្យ​សំណង់នេះ​មានគុណភាព​រឹង​មាំ​យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងការ​ផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​​​ប្រជាពលរដ្ឋក្នុងតំបន់។

គួរ​​បញ្ជាក់ថា​ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារ​វិនិយោគ​​​អឺរ៉ុប​ និង​រដ្ឋាភិបាល​នៃ​ប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការ​សាង​សង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ​មានគោល បំណង ដើម្បីទប់ទល់នឹង​ការប្រែ​ប្រួល​អាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។ ជាមួយ​គ្នានេះ​ក្រសួងធនធានទឹក និងឧតុនិយមគ្រោងបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធ​ទាំង​អស់ និងអាជ្ញាធរ​ថ្នាក់ក្រោមជាតិគ្រប់កម្រិតអំពីវិធីសាស្រ្តប្រើប្រាស់ស្ថានីយបូមទឹកដ៏ទំនើបនេះ និង​រៀបចំ​សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) ដើម្បីដំណើរការប្រកបដោយនិរន្តរភាពលើប្រព័ន្ធ​ធារាសាស្រ្ត​នេះផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖