ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់ខ្ពស់​​ក្រសួងធនធាន​ទឹក៖​ ខេត្ត​កោះកុង​​ទឹកដី​តារារះនៅទិសនិរតី​ និងធានាបាននូវសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រប់វិស័យឱ្យ​មានលក្ខណៈ​ល្អប្រសើរឡើងជាបន្តបន្ទាប់នាពេលខាងមុខនេះ!

ចែករំលែក៖

ខេត្តកោះកុង​៖​ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រីបច្ចេកទេសក្រសួង​ នៅថ្ងៃសៅរ៍ទី២០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបប្រជុំ​ពិភាក្សា​ជាមួយ​ទ្វេភាគីលោកស្រី​ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។​

 សូមជម្រាបថា​ កិច្ចប្រជុំដ៏មានសារសំខាន់នាពេល​នេះ​មានការចូលរួម​ពី​ ​លោក​ លោកស្រី​ ​អភិបាលរង​នៃគណៈអភិបាលខេត្តកោះកុង​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង លោក​ ​លោកស្រី​ ​ប្រធាន​ ​អនុប្រធាន​មន្ទីរពាក់ព័ន្ធ​ទាំង​អស់​ជុំវិញសាលាខេត្តកោះកុង​ លោក​ ​លោកស្រី​ ​អភិបាល​ អភិបាលរង​នៃគណៈអភិបាល​ស្រុក​ស្រែអំបិល ស្រុកបូទុមសាគរ ស្រុកកោះកុង និងក្រុងខេមរភូមិន្ទ។

 នាឱកាស​នោះ​ លោករដ្ឋលេខាធិការ​ បានឱ្យដឹងថា​​ កិច្ចប្រជុំ​ទ្វេភាគីនេះ​ដើម្បីចាត់វិធានការឱ្យ​បានម៉ឺងម៉ាត់​​​ក្នុងការអនុវត្ត​​នូវប្រសាសន៍​ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាងមួយម៉ឺននាក់នៅខេត្តកោះកុង​នា​ពេល​​​កន្លងទៅ​ ត្រូវ​​យកចិត្តទុកដាក់បំផុតនូវតម្រូវការទឹក​សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់បង​ប្អូនប្រជា​ពលរដ្ឋ​និ​ងកម្មករដែលកំពុងមានការកើនឡើងជាប្រចាំ និងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់​លើ​គ្រប់​វិស័យ​ពាក់​ព័ន្ធនានា។

 លោករដ្ឋលេខាធិការ​ បានលើកឡើងថា​ ក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់​ដឹក​នាំ​ខេត្ត​កោះកុង​​​​ត្រូវតែសហការ​គ្នា​អនុវត្តឱ្យ​បាននូវក្រឹត្យច្បាប់ជាធរមាន​ក្នុងការគ្រប់គ្រង​វិស័យ​ធន​ធាន​​ទឹក​ និងឧតុនិយម ការ​ប្រើប្រាស់ទឹកនិងការ​បញ្ជាទឹកឱ្យ​បានត្រឹមត្រូវសម្រាប់បម្រើឱ្យ​ខេត្ត​កោះកុង​​ទឹកដី​តារារះនៅទិសនិរតីនៃប្រទេសឱ្យបានស័ក្តិសមជាប៉ូលទេសចរណ៍ និងបម្រើឱ្យវិស័យ​ឧស្សាហកម្ម​ដែល​កំពុង​តែ​កើនឡើងដ៏សកម្ម​ ក្រោមការដឹកនាំរបស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​។

 លោករដ្ឋលេខាធិការមានប្រសាសន៍ថា​ ខេត្តកោះកុងទាំងមូលជារឿយៗ​ មានការខ្វះខាតទឹកសម្រាប់​ប្រើ​ប្រាស់លើគ្រប់វិស័យ ក្នុង​ពេល​ដែលខេត្តភាគនិរតីមួយនេះបានទទួលរបបទឹកភ្លៀងដ៏សម្បូរបែបចំនួន ៤០០០ មីលីម៉ែត្រ ក្នុង​ផ្ទៃ​​រង​ទឹកភ្លៀង ១,៥លានហិកតា ក្នុងធារទឹកចំនួន ៦០កោដិម៉ែត្រត្រីគុណ ​ត្រូវ​ហូរ​ធ្លាក់ចូលទៅក្នុង​សមុទ្រ​​ជារៀងរាល់ឆ្នាំតាមជ្រោះជ្រលងភ្នំក្រវាញខាងត្បូង តាមច្រកព្រែកតាតៃ ព្រែក​ត្រពាំងរូង ព្រែក​កោះប៉ោ ព្រែកអណ្តូងទឹក និងតាមព្រែកស្រែអំបិល។

 រដ្ឋលេខាធិការរូបនេះ​ បា​នបញ្ជាក់ថា​ ក្រសួងធនធានទឹក និងឧតុនិយម​ នឹងសហការយ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ​ដើម្បីធ្វើឱ្យ​ខេត្តកោះកុង​ដែល​ប្រកប​​​ដោយ​​សក្តានុពលទឹកមួយនេះធានាបាននូវសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រប់វិស័យឱ្យ​មានលក្ខណៈ​ល្អប្រសើរឡើងជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខនេះ៕

ដោយ​៖តារា​


ចែករំលែក៖