ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និងបារាំង ដែលមិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ នេះបេីតាមការបញ្ជាក់ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាឱកាសសន្និសីទសារព័ត៌មាន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។
រដ្ឋមន្ត្រីប្រតិភូរូបនេះ បានថ្លែងបន្តថា កម្ពុជា និងបារាំង មានគោលជំហររួមគ្នាចំពោះមុខទាក់ទងនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ជំហររួមគ្នានៅចំពោះមុខ នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំហររួមគ្នាលើកិច្ចសហប្រតបិត្តិការជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-បារាំង។
លោករដ្ឋមន្ត្រីប្រតិភូ ថ្លែងថា សម្ដេច ហ៊ុន ម៉ាណែត បានស្នើឱ្យប្រធានាធិបតីបារាំង បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់នៅលើទឹកដីកម្ពុជា ក្នុងគោលដៅធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ាន ហើយប្រធានាធិបតីបារាំង បានយល់ព្រមតាមសំណើរបស់សម្ដេច ហ៊ុន ម៉ាណែត។
លោករដ្ឋមន្ត្រីប្រតិភូ ថ្លែងបន្ថែមថា កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា នៅក្នុងក្របខណ្ឌអង្គរការអន្តរជាតិនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) និងសង្ឃឹមថា កម្ពុជា នឹងទទួលបាននូវការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅលើទឹកដីកម្ពុជា៕
ដោយ៖ ស តារា