ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពាវនាវឱ្យអ្នកវិនិយោគបរទេសណាក៏ដោយ ដែលចង់ស្នើសុំសម្ដេច ដើម្បីវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលជិះយន្តហោះមកធ្វើអី។ ការអំពាវនាវបែបនេះរបស់ សម្តេចធិបតី នាឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ កាលពីរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
សម្ដេចធិបតី ថ្លែងថា បញ្ហាមិនអនុញ្ញាតដាំកញ្ឆានៅកម្ពុជា សម្ដេចចធ្លាប់បានចេញសារតាមហ្វេសប៊ុករួចហើយ ប៉ុន្តែថ្មីៗនេះ មានបុគ្គល ២៣នាក់ បានសុំច្បាប់វិនិយោគដាំកញ្ឆានៅកម្ពុជា ដើម្បីបម្រើវិស័យសុខាភិបាល ខណៈប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ក៏បានធ្វើរួចហើយ។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា៖ “សម្រាប់ខ្ញុំ ខ្ញុំប្រាប់ថា ដរាបណា ហ៊ុន ម៉ាណែត នៅតែជានាយករដ្ឋមន្ត្រី ច្បាប់នេះ ខ្ញុំអត់ឯកភាពទេ។ ចំពោះការគ្រប់គ្រង សួរថា គ្រប់គ្រងបានអត់? ខ្ញុំធ្លាប់ឃើញព័ត៌មានមួយនៅអាមេរិក ប្រទេសមហាអំណាចធំជាងយើង រដ្ឋខ្លះគាត់ឱ្យសិទ្ធិដាំ តែគ្រប់គ្រងអត់រួចដោយសារបញ្ហា២។ ទី១ គ្រប់គ្រងការប្រើប្រាស់អត់បាន ទី២ លួចដាំ លើសអាជ្ញាបណ្ណ”។
បន្ថែមពីនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រឿងកញ្ឆានេះពាក់ព័ន្ធគ្រឿងញៀន ហើយបើតាមព័ត៌មាននៃការប្រើប្រាស់គ្រឿងញៀននៅសិង្ហបុរី ដែលមានជាង ៤០% គឺបានប្រើតាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយក្នុងនោះមាន ៥០% បានចាប់ផ្ដើមប្រើគ្រឿងញៀន ដោយប្រើកញ្ឆា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “សម្រាប់កម្ពុជា ខ្ញុំថា មិនសំខាន់អីទេ! វាអត់ចំណេញអីទៅវិនិយោគធ្វើកសិកម្មរាប់រយ រាប់ពាន់ រាប់ម៉ឺនហិកតាដាំកញ្ឆា ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតថ្នាំនៅកាណាដា ទេ។ អ៊ីចឹង សរុបសេចក្ដី ហើយខ្ញុំជូនសារទៅផង គឺភាគច្រើនអ្នកចង់វិនិយោគមកពីក្រៅប្រទេសដែលសុំវិនិយោគដាំកញ្ឆានៅកម្ពុជា សុំកុំចំណាយពេលជិះកប៉ាល់ហោះមកកម្ពុជា គឺអត់ប្រយោជន៍ ជូនព័ត៌មាន មិនបាច់មកទេ”។
ជាមួយគ្នានោះ សម្តេចធិបតី ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធមានកងទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងនោះមាន កម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌផងដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន៕
ដោយ៖ ស តារា