ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ណែនាំអ្នកបើករថយន្តកែច្នៃអគ្គិសនី​ ឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៉ីចល័តតាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​មាន​សកម្មភាព​រថយន្តកែច្នៃអគ្គិសនី​ បានបេីកដឹកភ្ញៀវ​ទេសចរណ៍​ដំណើរផឹកស៉ីចល័តតាមផ្លូវសាធារណៈ​ ដែល​បង្កភាពអណាធិបតេយ្យតាមដងផ្លូវ​ និងធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានធ្វើការអញ្ជើញអ្នកបើកយកមក​ណែនាំ​អប់រំមិនឱ្យ​ធ្វើ​សកម្មភាព​បែបនេះ​ទៀត។ 

ជាក់ស្ដែង​ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៉ីចល័តតាមផ្លូវសាធារណៈទៀតនោះទេ។ 

ជាមួយគ្នានោះ​ មន្ត្រីជំនាញ​ ក៏បាន​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​សូមកុំ​ប្រកបរបរ​រកស៊ី​បែបនេះ​ ព្រោះវាអាច​បង្ក​ការគ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​ផងដែរ៕

ដោយ៖ តារា


ចែករំលែក៖