ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី៖​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤​ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ” នារសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​អំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអស់ សូមទៅចុះបញ្ជីក្នុងក្រុមសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីឱ្យក្រុមអ្នកប្រកបរបរជំនួញផ្សេងៗ រួមផ្ដុំគ្នា កាន់តែរឹងមាំ។ សម្ដេចធិបតីបញ្ជាក់ថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក្រុមអ្នកប្រកបរបរជំនួញ ផ្សេងៗដែលមិនទាន់បានចុះបញ្ជី។

-សម្ដេចធិបតី ប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតឱ្យមាន ការចងសម្ព័ន្ធគ្នា នៃមន្ទីរពិសោធន៍ជាតិ។

  សម្ដេចធិបតី ថ្លែង​ជំរុញឱ្យរួមគ្នាអភិរក្សដីស្រែអំបិល នៅខេត្តកែប និងខេត្តកំពត។

-សម្ដេច​ធិបតី​ បានណែនាំដល់ក្រសួងឧស្សាហកម្ម ត្រូវរៀបចំតភ្ជាប់ទឹកស្អាតដល់សិស្ស-និស្សិតនៅតាមបន្ទប់ជួល ឱ្យទទួលបានតម្លៃទឹកស្អាតសមរម្យ។

-សម្ដេចធិបតី​ ថ្លែងថា ការប្រមូលបាននូវទិន្នន័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ គឺជាភាពងាយក្នុងការដើម្បីរាជរដ្ឋាភិបាលអាចជួយ ដល់ពួកគាត់បាន តាមរយៈគោលនយោបាយជាតិសំខាន់ ជាពិសេសលើវិស័យសហគ្រាសមីក្រូ តូច និងមធ្យម។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា កម្ពុជា មិនអាចបិទការនាំចូលពីប្រទេសខាងក្រៅនោះទេ តែជាយន្តការប្រកួតប្រជែង គឺសហគ្រាសក្នុងប្រទេស ត្រូវតែមានការរួមគ្នា ដោយការពង្រឹង និងកែច្នៃផលិតកម្មរបស់ខ្លួន តាមរយៈការជួយសម្របសម្រួលពីក្រសួងស្ថាប័នរដ្ឋ តាមទិសស្លោក «ភាពជាដៃគូរដ្ឋ និងឯកជន»។

ជាមួយគ្នានោះ​ យោងតាម​របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅ​ឆ្នាំ​២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលកើនចំនួន១៤៣ រោង​ចក្រ ស្មើនឹងប្រមាណ ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ ចំនួនរោងចក្រធុនធ្ងន់​ដែលកំពុងដំណើរការ​ទូទាំងប្រទេសមានចំនួន ២,១២៥រោងចក្រ និងផ្តល់ការងារចំនួន ១,០៤០,៣៣៣កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១លានដុល្លារ ស្មើប្រមាណ ៣.៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥,៣២៨ និងបន្តអាជ្ញា​បណ្ណ​សហគ្រាសធុនតូច និងមធ្យមចំនួន៥,១៥៨ នៅឆ្នាំ២០២៣។

ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើង​ប្រមាណ​១៦ភាគរយ។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការ​តភ្ជាប់​បណ្តាញទឹកស្អាតសរុបចំនួន ១,៣០៧,៨១០តំណ កើនឡើង ៨.៥ភាគរយ បើធៀបនឹងឆ្នាំ​២០២២ ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣,០៦៧គីឡូម៉ែត្រ (ឬ ១១%) ដល់ ៣០,៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦,៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០,១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជា​ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០.៧០លានដុល្លារ និងគម្រោងហិរញ្ញ​ប្បទានសម្បទាន​ពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណ​ភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជា​សរុបកើនដល់១.២១៦។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការ​ផលិត​កម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦សេវា ដែលគ្របដណ្តប់លើឧបករណ៍​មាត្រា​សាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩,២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួង​ក៏បានបន្តដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយ​ចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យ​ជាដើម។ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអនឡាញ៕

ដោយ​៖ តារា​


ចែករំលែក៖