ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីលអុីស្រាអែលជាច្រើនគ្រាប់ វាយប្រហាររដ្ឋធានីស៊ីរី

ចែករំលែក៖

កាំជ្រួចមីស៊ីលជាច្រើនគ្រាប់របស់អុីស្រាអែល បានវាយប្រហារទៅលើផ្ទះពលរដ្ឋនៅក្នុងខណ្ឌ Kafr Sousa រដ្ឋធានី Damascus ប្រទេសស៊ីរីនៅថ្ងៃទី២១ខែកុម្ភៈ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរីដែលបានរាយការណ៍ថា មីស៉ីលប៉ុន្មានគ្រាប់របស់អ៉ីសា្រអែល បានវាយប្រហារចំអគារស្នាក់នៅមួយកន្លែង ក្នុងខណ្ឌ Kafr Sousa នៃរដ្ឋធានីដាម៉ាស់របស់ប្រទេសស៉ីរី នាថ្ងៃពុធនេះ។
សង្កាត់នេះមានលំនៅឋាន សាលារៀន និងមជ្ឈមណ្ឌលវប្បធម៌របស់អ៉ីរ៉ង់ ហើយស្ថិតនៅក្បែរស្នាក់ការធំមួយរបស់ទីភ្នាក់ងារសន្តិសុខ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ SANA ការវាយប្រហារនេះកំណត់គោលដៅលើអគារស្នាក់នៅ ភ្ជាប់មកជាមួយរូបភាពនៃការឆេះនៅមួយចំហៀង នៃអគារនោះ ប៉ុន្តែមិនបញ្ជាក់អំពីទំហំនៃការខូចខាតនោះទេ។ រីឯសាក្សីបានប្រាប់ Reuters ថា ពួកគេបានឮសូរសំឡេងផ្ទុះពីរទៅបីលើក ដែលធ្វើឱ្យសិស្សសាលានៅក្បែរនោះភ័យខ្លាច ហើយក៏មានរថយន្តសង្រ្គោះបន្ទាន់មកកាន់កន្លែងកើតហេតុដែរ។
ទីតាំងខាងលើធ្លាប់ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយកាលណោះបានសម្លាប់អ្នកជំនាញយោធាអ៉ីរ៉ង់។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីយោធាអ៉ីស្រាអែលនៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamnet


ចែករំលែក៖