ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ” នារសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអស់ សូមទៅចុះបញ្ជីក្នុងក្រុមសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីឱ្យក្រុមអ្នកប្រកបរបរជំនួញផ្សេងៗ រួមផ្ដុំគ្នា កាន់តែរឹងមាំ។ សម្ដេចធិបតីបញ្ជាក់ថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក្រុមអ្នកប្រកបរបរជំនួញ ផ្សេងៗដែលមិនទាន់បានចុះបញ្ជី។
-សម្ដេចធិបតី ប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតឱ្យមាន ការចងសម្ព័ន្ធគ្នា នៃមន្ទីរពិសោធន៍ជាតិ។
– សម្ដេចធិបតី ថ្លែងជំរុញឱ្យរួមគ្នាអភិរក្សដីស្រែអំបិល នៅខេត្តកែប និងខេត្តកំពត។
-សម្ដេចធិបតី បានណែនាំដល់ក្រសួងឧស្សាហកម្ម ត្រូវរៀបចំតភ្ជាប់ទឹកស្អាតដល់សិស្ស-និស្សិតនៅតាមបន្ទប់ជួល ឱ្យទទួលបានតម្លៃទឹកស្អាតសមរម្យ។
-សម្ដេចធិបតី ថ្លែងថា ការប្រមូលបាននូវទិន្នន័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ គឺជាភាពងាយក្នុងការដើម្បីរាជរដ្ឋាភិបាលអាចជួយ ដល់ពួកគាត់បាន តាមរយៈគោលនយោបាយជាតិសំខាន់ ជាពិសេសលើវិស័យសហគ្រាសមីក្រូ តូច និងមធ្យម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា កម្ពុជា មិនអាចបិទការនាំចូលពីប្រទេសខាងក្រៅនោះទេ តែជាយន្តការប្រកួតប្រជែង គឺសហគ្រាសក្នុងប្រទេស ត្រូវតែមានការរួមគ្នា ដោយការពង្រឹង និងកែច្នៃផលិតកម្មរបស់ខ្លួន តាមរយៈការជួយសម្របសម្រួលពីក្រសួងស្ថាប័នរដ្ឋ តាមទិសស្លោក «ភាពជាដៃគូរដ្ឋ និងឯកជន»។
ជាមួយគ្នានោះ យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅឆ្នាំ២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលកើនចំនួន១៤៣ រោងចក្រ ស្មើនឹងប្រមាណ ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ ចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២,១២៥រោងចក្រ និងផ្តល់ការងារចំនួន ១,០៤០,៣៣៣កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១លានដុល្លារ ស្មើប្រមាណ ៣.៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។
ការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥,៣២៨ និងបន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន៥,១៥៨ នៅឆ្នាំ២០២៣។
ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦ភាគរយ។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១,៣០៧,៨១០តំណ កើនឡើង ៨.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣,០៦៧គីឡូម៉ែត្រ (ឬ ១១%) ដល់ ៣០,៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦,៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០,១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។
នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០.៧០លានដុល្លារ និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជាសរុបកើនដល់១.២១៦។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។
លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦សេវា ដែលគ្របដណ្តប់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩,២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួងក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យជាដើម។ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអនឡាញ៕
ដោយ៖ តារា