ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើ ឃាតកម្ម ទៅសាលាដំបូងខេត្តសៀមរាប ដេីម្បីបន្តនីតិវិធីច្បាប់។
ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម (ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់) នៅចំណុចក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញឿននៅក្នុងខ្លួន)។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយកន្លងមកខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនគុំកួនជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ខ្លួនបានផឹកស្រាសអស់ចំនួន២លីត្រ ។ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតចំនួន០១ដើម ពេលនោះខ្លួនបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯងក៏ធ្វើសកម្មភាពចូលទៅកាប់ជនរងគ្រោះ ០១កាំបិតចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅលើដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឱ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះកុំឱ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួច រូបខ្លួនក៏បានគេចខ្លួនតែម្តង ។
វត្ថុតាងដកហូតរួមមាន៖
– កាំបិតចំនួន ០១ដើម
– ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព ចំនួន ០១
– អាវផ្កាសាច់ក្រណាត់ដៃវែង ពាក់ធ្វើសកម្មភាពចំនួន ០១។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ដោយ៖ អរុណរះ