ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើ ឃាតកម្មទៅសាលាដំបូងខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បានបញ្ជូនខ្លួនជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធករណីអំពើ ឃាតកម្ម ទៅសាលាដំបូងខេត្តសៀមរាប​ ដេីម្បី​បន្តនីតិវិធី​ច្បាប់​។ 

ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ​ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម (ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់) នៅចំណុចក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច  ភេទស្រី  អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សំ​ ស៊ី​ ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញឿននៅក្នុងខ្លួន)។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយកន្លងមកខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនគុំកួនជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ខ្លួនបានផឹកស្រាសអស់ចំនួន២លីត្រ ។ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតចំនួន០១ដើម ពេលនោះខ្លួនបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯងក៏ធ្វើសកម្មភាពចូលទៅកាប់ជនរងគ្រោះ ០១កាំបិតចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅលើដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឱ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះកុំឱ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួច រូបខ្លួនក៏បានគេចខ្លួនតែម្តង ។

វត្ថុតាងដកហូតរួមមាន៖

–  កាំបិតចំនួន ០១ដើម

–  ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព ចំនួន ០១

–  អាវផ្កាសាច់ក្រណាត់ដៃវែង ពាក់ធ្វើសកម្មភាពចំនួន ០១។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

ដោយ៖ អរុណរះ


ចែករំលែក៖