ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូរអិលដួល​ ត្រូវរថយន្ត Sienna បេីកមកពីក្រោយកិនស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិតជាអកុសលខ្លាំងណាស់..! ខណៈយុវជនម្នាក់បានជិះម៉ូតូស្គូពីមួយគ្រឿងតាមដងផ្លូវបេតុង​ក៏រអិលដួល​ ហេីយត្រូវបុរសម្នាក់បេីករថយន្តម៉ាក​ Toyota Sienna មកពីក្រោយកិនជនរងគ្រោះបន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ជិតនឹងផ្សារសំបូរមាស ក្នុងភូមិម័រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ស្គូពី​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 1JH-1854 ដោយដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ទិសដៅពីកេីតមកលិច​ក្នុងល្បឿនលឿនល្មម​ ។ លុះយុវជនរងគ្រោះជិះមកដល់កន្លែងកេីតហេតុក៏បានរអិលម៉ូតូដួលលេីថ្នល់​ គាប់ជួនមានរថយន្តមួយគ្រឿងម៉ាក​ Toyota Sienna ពណ៌ទឹកប្រាក់​ ពាក់ផ្លាក​លេខ​ បាត់ដំបង​ 2B-4491 ធ្វេីដំណេីរមកពីក្រោយស្របទិសគ្នា​ រួចកិនយុវជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម​ ។ ភ្លាមៗតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន​ នឹងបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ផងដែរ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កនឹងម៉ូតូប្រគល់​ឲ្យកម្លាំងនគរបាលចរា​ចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយតាមនីតិវិធី​ ។

ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖