ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មូកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល។
សូមជម្រាបថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ មន្ត្រីជំនាញចរាចរណ៍ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ដូចពាក្យពាក្យស្លោកមួយថា”ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់”ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មេីនិងគោរពជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕
ដោយ៖ តារា