ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាលសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation»។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីគូសបញ្ជាក់ពីគាំទ្រចំពោះប្រធានបទដ៏មានសារៈសំខាន់នេះ ព្រោះថា រាជរដ្ឋាភិ បាល កម្ពុជាក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយបាននឹងកំពុងរៀបចំ យុទ្ធនាការអបអរសាទរខួប លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្កានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ 

ប្រធានបទឆ្នាំនេះ គឺចង់បង្ហាញឱ្យយើងទាំងអស់គ្នាបាន ដឹងពីសមត្ថភាពពិតប្រាកដរបស់ស្រ្តី និងក្មេងស្រី ហើយទទួលស្គាល់ថាស្រ្តីជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីចម្បងចូលរួមធ្វើឱ្យសង្គមមានស្ថេរភាព និងការអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថលនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ (អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមជាមួយអគ្គលេខាធិ ការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ ដោយបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាពមាតា ទារក និង កុមារផងដែរ។ 

រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្សព្វផ្សាយ ពីការងារយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យ នៅទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្រ្តីខ្លួនឯង យល់ពី តួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិព្រមទាំងការប្រើប្រាស់សិទ្ធិនេះឱ្យបានសមស្របផងដែរ។

 សាស្រ្តាចារ្យរដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រីជាការ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់ តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ ដឹកនាំចាប់ ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ។

ម្យ៉ាងវិញទៀត ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងាររបស់ស្ត្រីដោយបាន ផ្តល់អាទិភាព ដល់ស្ត្រីដែលមានសមត្ថភាពឱ្យទទួលបានមុខដំណែងសមស្របមួយក្នុងការងាររបស់ខ្លួន និងបានផ្តល់ឱកាសឱ្យស្ត្រីទៅចូលរួមក្នុងវគ្គបណ្តុះ បណ្តាល បន្តជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេសទៀតផង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថាចំពោះការផ្តល់សេវាសុខភាព ក្រសួងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សាសុខភាពដល់ ស្ត្រីក្នុងវ័យបន្តពូជ ជាពិសេសស្ត្រីជាមាតា ដើម្បីឈានទៅរកការកាត់ បន្ថយអត្រាមរណភាពមាតា និងទារក។ ជាក់ស្តែងតាម រយៈតួលេខដែលបានមក ពីការអង្កេតសុខភាព និងប្រជាសាស្រ្តបឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្ត្រី នៅពេល មានគភ៌ និងពេលសម្រាល មានចំនួនកើន ឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឱ្យកត់សម្គាល់។

ជាចុងក្រោយលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរ លោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា នៃអង្គពិធីទាំងមូលសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖