ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ការងារ​៖​ ស្រ្តីជាង ៦៧ម៉ឺននាក់​កំពុងដើរតួនាទីសំខាន់ក្នុងវិស័យកាត់ដេរ

ចែករំលែក៖

ភ្នំពេញ​៖​ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករ​និយោជិត​ដែល​កំពុងបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺន​នាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បានដើរតួនាទីតួយ៉ាងសំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ឱ្យ​កម្ពុជារីកចម្រើនដូចសព្វថ្ងៃ។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ស្រ្តីក្នុងវិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យការងារ​កាត់ដេរ​នៅ​កម្ពុជា​ ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ១,៥៣៩ រោងចក្រ សហគ្រាស ក្នុង​នោះ​ស្រី​មាន​ចំនួនជាង ៦៧ម៉ឺននាក់ ក្នុងចំនួនកម្មករនិយោជិតសរុបជាង ៨៩ម៉ឺននាក់។ តាមរយៈ​ចំនួននេះ ស្រ្តីបានចូលរួមយ៉ាងខ្លាំង ក្នុងការជួយកម្លាំងពលកម្មក្នុងរោងចក្រផ្សេងៗ និង​បាន​ប្រមូល​ថវិកា​ជួយ​ដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះ ស្រ្តីក៏ជា​តួយ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

បេីតាមការ​បញ្ជាក់ពី​អ្នកស្រី នីម ថាវី មន្រ្តីចងក្រង នៃ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានលើកឡើងថា ក្នុងនាមជាស្រ្តីមួយរូបនៅកម្ពុជាបានមើលឃើញថា ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ នារីទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​​ពីគោលនយោបាយរបស់រដ្ឋាភិបាល ដែល​ចូល​រួមលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនារីឲ្យទទួលបានឋានៈ តួនាទីនៅ​ក្នុង​ការ​ចូល​​រួ​ម​បម្រើ​នៅ​គ្រប់​ៗ​ថ្នាក់។ អ្នកស្រីបានបន្តថា ចំពោះវិស័យកាត់ដេរ កម្មការិនី​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពីថ្នាក់ដឹកនាំ និងភាគីនិយោជក ដែលតែងតែផ្តល់ឱកាសការងារ និងការឡើង​តំណែង​ជា​បន្តបន្ទាប់ ដោយគ្មានការរើសអើង ឬការបែងចែកជាភេទ។

ក្រុមកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ក្រៅពីការងារកាត់ដេរ ស្រ្តីគ្រប់​រូប​គឺ​អាច​ប្រកប​មុខរបរផ្សេងៗបានដូចគ្នា ដូច្នេះត្រូវហ៊ានសម្រេចចិត្តជ្រើសរើសកិច្ចការខ្លួនឯងផ្ទាល់ និង​ជួយ​ដល់សង្គម មិនដូចជាពាក្យពីមុនលើកឡើងថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៀតនោះទេ ពី​ព្រោះ​ស្រ្តី​ជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គមស្មើនឹងបុរសដែរ។

សូមជម្រាបជូនថា​ ថ្ងៃទី៨មីនា គឺជាព្រឹត្តិការណ៍​ជាសកល​ដែល​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​ បាន​ប្រកាស​ជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជា​រៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ដើម្បី​រំលឹក​ពី​ការ​តស៊ូ​ទាម​ទារ​សិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ​ជា​វិជ្ជមាន​នានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និង​ក្មេង​ស្រី​គ្រប់​រូប។ 

គួរបញ្ជាក់ដែរថា​ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោល​បំណង​រំលេច​អំពី​សក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និង​ក្មេងស្រី ​ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖