ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១១ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ ក៏បានចូលរួមជាអធិបតីភាព ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖
១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ
២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ
៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។
គួរជម្រាបជូនថា វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤នេះ គឺមុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់ មាន “មនុស្ស ទឹក ផ្លូវ ភ្លើង” រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្តនេះមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស ផ្លូវ ទឹក និងភ្លើង។ អាទិភាពផ្នែកបច្ចេកវិទ្យាផ្តោតជាចម្បងលើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ជាមួយសសរស្តម្ភផ្សេងទៀតនៃយុទ្ធសាស្ត្រ ៕
ដោយ៖ តារា