ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ រៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោល នយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
-សម្តេចធិបតី ថ្លែងណែនាំដល់វេទិការដ្ឋាភិបាលឌីជីថល លើកទី១ យកចិត្តទុកដាក់លើការពិភាក្សា នៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល សំដៅឆ្លើយតបឱ្យទាន់បរិបទសកល ជាពិសេសផលប៉ះពាល់ពីសន្តិសុខបច្ចេកវិទ្យា។
-សម្តេចធិបតី ថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។
-សម្តេចធិបតី ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។
-សម្តេចធិបតី ថ្លែងថា ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។
-សម្តេចធិបតី ថ្លែងថា ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣ ។
-សម្តេចធិបតី ថ្លែងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា ។
-សម្តេចធិបតី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង លេខាធិការដ្ឋានអាស៊ាន សម្រេចបាននាពេលកន្លងទៅ, ទាំងក្នុងក្របខ័ណ្ឌកម្ពុជានិងក្របខ័ណ្ឌអាស៊ាន។
-សម្តេចធិបតី ថ្លែងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលយើង សម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ, លើកគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា, ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។
-សម្តេចធិបតី ថ្លែងថា ក្រៅពីសមិទ្ធផលខាងលើ សម្តេចចង់យកឱកាសនេះគូសរំលេច និង រំលឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និង យានយន្ត ជាដើម។
-សម្តេចធិបតី ថ្លែងថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) ដែលជាថ្នាលគន្លឹះមួយ ត្រូវបាននិង កំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែក និង ផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ទទួលបានជ័យលាភីអន្តរជាតិ ក្នុងកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Award) ក្នុងឆ្នាំ ២០២២ ផងដែរ ។ នេះជាមោទនភាពមួយ បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មវិស័យរដ្ឋាភិបាល។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។
-សម្តេចធិបតី ថ្លែងថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹង ជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០។
-សម្តេចធិបតី ថ្លែងថា ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា, សម្តេចធិបតី សូមស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះ
ចំនួន៥ ដូចខាងក្រោម៖
ទី១. ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាងនាំឱ្យមានការជំរុញ នវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាមកំហែងសន្តិសុខសាយប័រ ជាដើម ។
ទី២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Open Whole-of-Government Approach) និងការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។
ទី៣. ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍។
ទី៤. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការ បង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ ។
ទី៥. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ។
គួរជម្រាបជូនថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕
ដោយ៖ស តារា