ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គឺជាផែនទីចង្អុលផ្លូវមួយជាមួយនិងចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលឲ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះក្នុងការជំរុញ និងការទទួលយកបរិវត្តកម្មឌីជីថលពីសំណាក់គ្រប់តួអង្គទាំងវិស័យរដ្ឋនិងឯកជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីឆ្ពោះទៅកសាងសុខុមាលភាពសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនលទ្ធភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យឆ្ពោះទៅរកភាពជឿនលឿន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅ នឹងតម្រូវ ការ ថ្មីរបស់ បងប្អូនប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន និងក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និង សង្គម ឌីជីថល ពេញលេញ នោះ សម្តេចសូមធ្វើ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែង របស់ភាគីពាក់ព័ន្ធទាំងអស់ទាក់ទងនឹងការលើកកម្ពស់វិស័យបច្ចេកវិទ្យានេះ ខណៈ វិស័យមួយនេះបានកំពុងស្ថិតនៅជា អាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ច កោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ៕
ដោយ ៖ សិលា