ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា ប្រកាសអំពីលទ្ធផល ទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅប្រទេសបារាំង និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការ អញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yael Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង សម្តេច មហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រី ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង។ ទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល នេះប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ដោយទទួលបានជោគជ័យនិងលទ្ធផលយ៉ាងត្រចះត្រចង់ដូចខាងក្រោម៖

១. ក្របខណ្ឌទស្សនកិច្ចផ្លូវការ

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការយ៉ាងកក់ក្តៅ និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមជូន សម្តេចរដ្ឋសភាធិបតី យួន សុដារី និងគណៈប្រតិភូ ដោយមានការធ្វើវនួនកិច្ចពីកងកិត្តិយស ត្រែទ័ពផងដែរ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញជួបពិភាក្សា ការងារទ្វេភាគីជាមួយលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសនិង ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម ការលើក កម្ពស់វប្បធម៌សន្ទនា និងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមជូនប្រជាពលរដ្ឋជាសកលទៀតផង។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលបានរីកចម្រើនលើគ្រប់វិស័យ។ ភាគីបារាំងស្វាគមន៍នូវការលើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី និងបានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រ កម្ពុជាដែលនៅតែបន្តប្រើប្រាស់ភាសាបារាំងយ៉ាងទូលំទូលាយ ព្រមទាំងស្នើឱ្យកម្ពុជាបន្តជួយគាំទ្រដល់ការពង្រីក ការសិក្សាភាសាបារាំងនៅតាមគ្រឹះស្ថានសិក្សាឱ្យបានកាន់តែច្រើននិងមានលក្ខណៈកាន់តែទំនើបធំទូលាយថែម ទៀត។

ស្របពេលជាមួយគ្នានេះ លោកជំទាវ ឡោក ខេង សមាជិកាគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ សមភាគីរដ្ឋសភាបារាំងចំនួនពីរលើកដាច់ដោយឡែកពីគ្នា។ ជំនួបទី១ ក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភាប្រទេស ទាំងពីរ និងជំនួបទី២ ជាកិច្ចពិភាក្សាការងារជាមួយគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភាសាធារណរដ្ឋបារាំង។ លោកជំទាវបានស្នើភាគីបារាំងបង្កើនចំនួនអាហារូបករណ៍ផ្នែកសុខាភិបាលដល់និស្សិតកម្ពុជា ព្រមទាំងជួយផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនយុវជន១,៥លាននាក់ ព្រមទាំងផ្តល់ជាជំនួយសម្ភារ:បរិក្ខារ និងអ្នកជំនាញលើវិស័យនេះផងដែរ។

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានជួបសន្ទនារយៈពេលខ្លីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ភាគីទាំងពីរបានកត់សម្គាល់នូវសន្ទុះនៃ ការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបារាំង-កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ជាពិសេសជូន ចំពោះបងប្រុសរបស់ ឯកឧត្តម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តភក្តិ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងដំណើរទស្សនកិច្ចនេះក៏មានជំនួបក្នុងកម្រិតអគ្គលេខាធិការរដ្ឋសភាផងដែរ។ ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Damien Chamussy អគ្គលេខាធិការ រដ្ឋសភាបារាំង និងបានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សេងៗ។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបារាំងរីករាយ នឹងជួយបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាលើការងារសភាឌីជីថល ការងារផ្សព្វផ្សាយបែប ឌីជីថល និងការងារបណ្តុះបណ្តាលមន្ត្រីជំនួយការ គណៈកម្មការជំនាញ និងជំនួយការតំណាងរាស្ត្រ។ បន្ថែម ពីលើនេះ អគ្គលេខាធិការរដ្ឋសភាបារាំងក៏នឹងបន្តសហការបណ្តុះបណ្តាលមន្ត្រីសភាកម្ពុជា តាមរយៈគម្រោងរបស់ PCAsia និង APF ដោយបញ្ជូនមន្ត្រីមកធ្វើកម្មសិក្សានៅសភាបារាំង ដូចដែលធ្លាប់បានអនុវត្តកន្លងមក។

ជារួម ដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី នាពេលនេះ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិនៃប្រទេសទាំងពីរបានបង្ហាញនូវឆន្ទៈ ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាមួយនឹងក្តីរំពឹងទុកអំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំងនឹងឈាន ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” នាពេលខាងមុខ។

២. កិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រី

កិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីត្រូវបានចាប់ផ្ដើមបើកជាផ្លូវការនៅល្ងាចថ្ងៃទី៦ ខែមីនា ដោយមានការ ចូលរួមពីប្រធានសភាជាស្ត្រី២ ៥រូបនៅលើពិភពលោក ព្រមទាំងអង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេស បារាំង ប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំងយ៉ាងឱឡារិក។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបានផ្ដល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្ត្រីទី១ នៃ ប្រវត្តិសាស្ត្របារាំង ដែលបានជាប់ឆ្នោតជាប្រធានសភា ដោយបានលើកឡើងថា ក្នុងនាមលោកជំទាវផ្ទាល់ ក៏ដូច ជាស្ត្រីនៃប្រទេសផ្សេងៗទៀតពិតជាមានមោទនភាពដែលត្រូវបានជាប់ឆ្នោតជាប្រធានសភា។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំកំពូលនេះ មានវេទិកាតុមូលចំនួនពីរ ដែលវេទិកា តុមូលទី១ ធ្វើឡើងក្រោមប្រធានបទ “ការអប់រំ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាព” និងវេទិកាតុមូលទី២ ស្ដីអំពី “សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរស ក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគំរូរបស់ស្ត្រី”។ សម្តេចរដ្ឋសភាធិបតីបានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងវេទិកាតុមូលទាំងពីរនេះ ដោយបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្ត និងបានចាត់វិធានការយ៉ាងមុះមុតក្នុងការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) បានសង្កត់ ធ្ងន់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅគ្រប់វិស័យ ជាពិសេស សិទ្ធិទទួល បានការអប់រំខ្ពស់ និងភាពជាអ្នកដឹកនាំ។ ចំណែករដ្ឋសភាកម្ពុជាបានប្ដេជ្ញាចិត្តក្នុងបេសកកម្មលើកកម្ពស់សមភាព យេនឌ័រ តាមរយៈការងារជាតំណាង ការងារនីតិកម្ម និងការងារតាមដានការអនុវត្តច្បាប់។ សម្តេចរដ្ឋសភាធិបតី បានបន្តទៀតថា យើងជួបបញ្ហាប្រឈមជាច្រើនប៉ុន្តែនៅពេលដែលយើងមានកិច្ចសហប្រតិបត្តិគ្នាល្អ យើងនឹង អាចពុះពារជម្នះបាន។ នៅពេលយើងអាចលើកកម្ពស់កម្រិតនៃសមភាពយេនឌ័របាន យើងមិនត្រឹមតែអាច កៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ យើងក៏អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ជូនទៅកាន់វេទិកាអំពីការប្ដេជ្ញា ចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់កម្រិតទាបបំផុតត្រឹមឆ្នាំ២០៣០ ដើម្បីឈាន ទៅសម្រេចបានលទ្ធផលសូន្យបី៖ លុបបំបាត់ឱ្យអស់(សូន្យ) នូវមរណភាពមាតាដែលអាចការពារបាន, លុបបំបាត់ ឱ្យអស់(សូន្យ) នូវផែនការគ្រួសារដែលមិនបានឆ្លើយតប, លុបបំបាត់ឱ្យអស់(សូន្យ) នូវអំពើហិង្សាទាក់ទងនឹង យេនឌ័រនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្ត្រីនិងក្មេងស្រីត្រឹមឆ្នាំ ២០៣០។ ក្រោយពីស្ដាប់យ៉ាងយកចិត្ត ទុកដាក់នូវការថ្លែងរបស់សម្តេចរដ្ឋសភាធិបតី អង្គប្រជុំបានអបអរសាទរនិងវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់ កម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងលើកទឹកចិត្តនិងជូនពរកម្ពុជាឱ្យសម្រេចបាននូវគោលដៅ ដូចបានរៀបរាប់ខាងលើ។

ជាលទ្ធផលរួម កិច្ចប្រជុំកំពូលប្រធានសភាស្ត្រី បានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការអនុម័ត ជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍រួម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នានិងការខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុង បេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងសកលលោក តាមរយៈ ការលើកកម្ពស់តួនាទីសភា ជាពិសេសការតាក់តែងច្បាប់ ដើម្បីការពារផលប្រយោជន៍ស្ត្រី។

៣.ជំនួបពិភាក្សាការងារជាមួយប្រទេសនិងដៃគូជាមិត្តផ្សេងៗ 

ឆ្លៀតនៅក្នុងពេលបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីនៅទីក្រុងប៉ារីសនេះ សម្តេចរដ្ឋសភាធិបតី ក៏បានជួបពិភាក្សាការងារផ្លូវការនិងជួបសន្ទនាក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំដើម្បីពង្រឹងវិស័យការទូតសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះឱ្យកាន់តែជិតស្និទ្ធ ស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយប្រទេសនិងដៃគូជា មិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។

ក.ជំនួបទ្វេភាគីជាមួយអគ្គប្រតិភូនៃសភានិយាយភាសាបារាំង សម្តេចរដ្ឋសភាធិបតី យួន សុដារី បានជួបពិភាក្សាការងារជាមួយ លោក ប៊្រុយណូ ហួស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (Assemblé e Parliamentaire due Francophonie-APF) និងសហការីដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នានៃរដ្ឋសភានិយាយភាសាបារាំង។ លោក ប៊្រុយណូ ហ៊ូស បាន រំលឹកពីព្រះគុណូបការៈថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានលះបង់ព្រះកាយពល ចូលរួមស្ថាបនាអង្គការបណ្តាប្រទេស និយាយភាសាបារាំង។ លោកអគ្គប្រតិភូនៃសភានិយាយភាសាបារាំង បានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង លើបេក្ខភាពរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។ លោកបានបន្តទៀតថា កម្ពុជាគឺជាប្រទេសមួយសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ នៅក្នុងការលើកកម្ពស់សភានិយាយភាសាបារាំង ក៏ដូចជា លើកកម្ពស់វិស័យការទូតសភាក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ខ. ជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU)

សម្តេចរដ្ឋសភាធិបតី បានជួបពិភាក្សាជាមួយលោកជំទាវ ទូលៀ អ៊ែកសិន (Tulia Ackson) ប្រធាន សភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU)។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទាក់ទងនឹង ស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្នុងក្របខណ្ឌ IPU ដោយបានកោតសរសើរកម្ពុជាចំពោះការចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌនេះ។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ច សហប្រតិបត្តិការនៃសភាទាំងពីរ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយមានការចូលរួមទាំងវិស័យសាធារណៈ និងវិស័យឯកជន។ លោកជំទាវ ប្រធានសភាតង់ហ្សានី និងជាប្រធាន IPU ក៏បានអញ្ជើញ សម្តេចរដ្ឋសភាធិការធិបតី ធ្វើទស្សនកិច្ចនៅប្រទេស តង់ហ្សានី នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជននៃ ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

គ. ជំនួបសន្ទនាជាមួយប្រទេសផ្សេងៗ

សម្តេចរដ្ឋសភាធិបតី បានប្រើពេលវេលាឱ្យអស់លទ្ធភាពទោះមានពេលតិចក្តី ដើម្បីជួបប្រធានសភានៃ បណ្តាប្រទេសផ្សេងៗ ដែលក្នុងនោះរួមមាន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ប៊ែលហ្សិក ជាដើម ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាដើម្បីទាក់ទាញបណ្តាអ្នកវិនិយោគ និងអ្នក ទេសចរឱ្យមកកម្ពុជាកាន់តែច្រើនឡើង។

គ្រប់ជំនួបទាំងនេះ ភាគីជាមិត្តបានវាយតម្លៃខ្ពស់ចំពោះភាពដ៏សកម្មរបស់កម្ពុជាទាំងខាងរាជរដ្ឋាភិបាល និងរដ្ឋសភា នៅក្នុងវេទិកាអន្តរជាតិនានា ដោយបានចែករំលែកនូវទស្សនទាននិងបទពិសោធន៍ល្អៗជាច្រើនជួយ ដល់ការលើកកម្ពស់គោលការណ៍ពហុភាគីនិយម និងកិច្ចការពារសុខសន្តិភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖