ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ ចុះត្រួតពិនិត្យទីតាំងបើកតារាងបាល់ទះមួយកន្លែងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក​ បានដឹកនាំក្រុមប្រតិបត្តិការចម្រុះចុះត្រួតពិនិត្យទីតាំងបើកតារាងបាល់ទះមួយកន្លែង​ សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ក្រោយមានការបង្ហោះផ្សាយតាមបណ្ដាញសង្គមនានា។ 

ក្នុងប្រតិបត្តិការខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិត​នៅទីតាំងបើកតារាងបាល់ទះមួយកន្លែងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងដីឡូត៍លេខ០១ ផ្លូវលេខ១៣២ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ បន្ទាប់ពី​មានការបង្ហោះផ្សាយតាមបណ្ដាញសង្គមFacebook របស់គេហទំព័រនានា កាលពីថ្ងៃទី​១៧​ មីនា​ ២០២៤ បានបង្ហោះផ្សាយជាសាធារណៈ ថា៖ អូនពេជ្រថៅកែល្បែងស៊ីសងចល័ត វិលត្រឡប់មកទីតាំងចាស់ម្តុំតារាងបាល់ជិតវត្តនាគវ័ន្តវិញហើយ ក្រុមអ្នកមានទ្រព្យសម្បត្តិញៀនល្បែងស៊ីសង គ្មានពេលរកស៊ីតែមានពេលទំនេរពេកនោះ កើតរោគអផ្សុកប្រមូល ផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមានមេវង់ឈ្មោះ អូនពេជ្រ ដែលបានដំណើរការនៅម្ដុំតារាងបាល់ទះ១កន្លែងក្បែរវត្តនាគវ័ន្ត ក្រោយក្លិបM1 សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោករាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរការបន្តទៀតហើយ។ នៅក្នុងវង់ល្បែងដែលគ្រប់គ្រងដោយ អូនពេជ្រ គឺមានអតិថិជនកាន់តែច្រើនចូលលេងដោយមិនខ្វល់អំពីបញ្ហាអសន្តិសុខ ឬប្រឈមនឹងការចាប់ចងរបស់សមត្ថកិច្ចនោះទេ។ អាជ្ញាធរខណ្ឌទួលគោក ស្ងាត់ស្ងៀមល្អណាស់ចំពោះវង់ល្បែងមួយនេះ។

   ជាក់ស្ដែង​នៅពេលក្រុមប្រតិបត្តិការជំនាញ​ បានចុះទៅដល់ទីតាំងនេះក៏បានជួបជាមួយឈ្មោះ អ៊ូច ស៊ុនលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងបានអនុញ្ញាតឲ្យក្រុមប្រតិបត្តិការចូលត្រួតពិនិត្យក្នុងទីតាំងតារាងបាល់ទះ​ និងតាមបន្ទប់ស្នាក់នៅដែលមាននៅក្នុងទីតាំងនេះ ។

   ក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងនេះមានតារាងបាល់ទះចំនួន០៣តារាង , ស្នុកឃ័រចំនួន០៣ស្នុកឃ័រ , មានបន្ទប់ចំនួន០៨បន្ទប់ ក្នុងនោះ០៦បន្ទប់មានមនុស្សស្នាក់នៅ ចំណែក០២បន្ទប់ទៀតជាបន្ទប់ទំនេរ ។

  ដូច្នេះ​ពុំមានការបើកលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ដូចការបង្ហោះផ្សាយតាមបណ្ដាញសង្គមFacebook របស់គេហទំព័រនោះឡេីយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

   ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ក្រុមប្រតិបត្តិការបានធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើ ហាមយកទីតាំងនេះបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងហាមប្រើប្រាស់, ចែកចាយ និងជួញដូរគ្រឿងញៀន ៕

ដោយ៖ តារា


ចែករំលែក៖