ភ្នំពេញ ៖ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យា សម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃ ភាពធន់ និងចីរភាព និងបរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីកម្ម បង្ហាញពីសក្តានុពលនៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកទឹកចិត្ត ឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះនិងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភនិងជាក្បាលម៉ាស៊ីន ក្នុងការកសាងនិងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយប្រកបដោយនវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្ន កម្ពុជាមានឯកសារគតិយុត្តិគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះមានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្តាឯកសារផែនទីបង្ហាញផ្លូវ មួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ដូចជា បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធមានជាអាទិ៍ ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នា ក្នុងការបន្តអនុវត្តឯកសារគតិយុត្តិទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាន នៃបច្ចេកវិទ្យាសំខាន់ៗ បន្សាំនិងចាប់យកបច្ចេកវិទ្យាថ្មីៗទៀតក្នុងរយៈពេលខ្លី និងមធ្យមដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែងសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាពនិងភាពធន់។
សម្តេចធិបតីផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ៖
ទី១៖ បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ស្រ ប តាម បទ ដ្ឋានគតិយុត្តជាធរមាន។ ខណៈនេះ យើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវា នុវត្តន៍ និង ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័ន មាន សមត្ថកិច្ច គតិយុត្តលើវិស័យនេះ។ ដូច្នេះ សម្ដេចសូមដាក់ចេញនូវការណែនាំ ប្តូរ ទម្លាប់ ពី ការ ធ្វើ ការ ជា លក្ខណៈ សាយឡូ ដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារ តី សហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុង ការ អភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។
ទី២៖ បន្តជំរុញបរិវត្តកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និង មធ្យម ដើម្បី ឆ្លើយ តបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤.០ ក្នុងគោលដៅចាប់យក ឲ្យបានលឿ ន នូវ បច្ចេក វិទ្យា ចុង ក្រោយ ទាំងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និង ជំរុញសហគ្រាស បុរាណ ក្នុង ស្រុក ចាប់យកឲ្យបានទាន់ពេលវេលា និងពេញលេញ នូវវឌ្ឍនភាពនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
ទី៣៖ បន្តជំរុញឲ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជា ពិ សេស វិស័យឯកជន ក្នុងការស្វែងរកទីផ្សារ ចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល។ ថ្នាល បច្ចេកវិទ្យានេះ ត្រូវឈរលើយន្តការកិច្ចសហការរវាងវិស័យសាធារណៈ, វិស័យអប់រំ និង វិស័យ ឯកជន តាមគំរូម៉ូដែលត្រីវ័ណ្ឌ (Triple Helix model) ដោយមានការចូលរួមយ៉ាងសកម្ម រវាង តួអង្គពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍ ដើម្បីអប់រំ, បណ្តុះបណ្តាល, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយ តប ទៅនឹងតម្រូវការសង្គម ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤។
ទី៤៖ អនុវត្តយន្តការតាមដានត្រួតពិនិត្យ និង វាយតម្លៃឲ្យបានម៉ឺងម៉ាត់ នូវការអនុវត្តរបស់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០។ សម្ដេចសូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ ស ហការ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចបញ្ជូនរាល់ព័ត៌មាន និងសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ទី៥៖ ណែនាំគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសស ហគ្រាស ធុន តូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវ មូល ដ្ឋាន រឹង មាំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។ គោលដៅនេះ, អាចសម្រេច ទៅ បាន អាស្រ័យ លើ ការផ្លាស់ប្ដូរផ្នត់គំនិត, របៀបរបបចាត់ចែង, ការគ្រប់គ្រងការងារ និងធុរកិច្ច ជាមួយ នឹង ការវិយោគ ទាំងផ្នែកមូលធន និងការបណ្តុះធនធានមនុស្ស ៕
ដោយ ៖ សិលា