ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោតមួយចំនួនបានទទួលបណ្តឹងចំនួន៧ ដែលបានប្តឹងជំទាស់ទៅលើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤។
លោកហង្ស ពុទ្ធា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤បាន ឲ្យដឹងថា ដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ សល់តែជិត១ខែទៀតប៉ុណ្ណោះ។ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ចាប់ផ្តើមការទទួលពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ទៅលើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងជាបន្តបន្ទាប់។
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា មកដល់ពេលនេះ មានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតចំនួន៤ រួមមាន ខេត្តកំពត,ស្វាយរៀង,តាកែវនិងពោធិ៍សាត់ទទួលបាន បណ្តឹងចំនួន៧ និងបានប្តឹងជំទាស់ទៅលើការស្នើ សុំលុបឈ្មោះអ្នកទទួលមរណភាព និងការស្នើសុំលាលែងពីសាម៉ីខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ។
លោកអ្នកនាំពាក្យអះអាងថា ទោះបីមានពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ក្តី ក៏មិនអាចប៉ះពាល់ដល់ការប្រកាសបញ្ជីបោះឆ្នោតផ្លូវការនោះទេ ដោយសារ គ.ជ.ប នឹងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី និងការកំណត់ដោយច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខ។
អ្នកនាំពាក្យរូបនេះ បន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង អង្គបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ា ឬជំទាស់ ក្នុងរយះពេល៨ថ្ងៃ ចាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងករណីការប្តឹងតវ៉ា ឬជំទាស់មិនអាចទទួលយកបាន អង្គបោះឆ្នោតមានសិទ្ធិប្តឹងបន្តមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ សូរិយា