ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះកាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញ​ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៣៥៥នាក់ (ផ្តល់ឡើងវិញ ចំនួន២៧១នាក់ និងផ្តល់ថ្មីចំនួន៨៤នាក់),សៀវភៅស្នាក់នៅថ្មី​  ១៤គ្រូសារ, ទុតិយតាសៀវភៅស្នាក់នៅ​  ៦៨គ្រួសារ,សៀវភៅគ្រួសារថ្មី​  ៣២គ្រួសារ,ទុតិយតាសៀវភៅគ្រួសារ​  ១៧គ្រួសារ។ 

ជាមួយគ្នានេះ​ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃអធិការដ្ឋានគរបាលខណ្ឌទាំង១៤ ក៏បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាក្នុង​រាជធានីភ្នំពេញ​។ 

ដោយឡែក​កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បានចុះសម្រួលចរាចរណ៍ និងជួយចម្លងសិស្សានុសិស្សនៅតាមសាលារៀន ដេីម្បី​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖