ភ្នំពេញ៖ បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរកម្ហូបដោយយកឧបករណ៍ឆក់ត្រីទៅឆក់នៅក្នុងត្រពាំងមួយកន្លែង ប៉ុន្តែបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២០នឹង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទឹកត្រពាំងក្នុងបរិវេណអតីតទីលានប្រណាំងរថយន្តក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ប៊ូ ម៉ាណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទឹម ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ ឌឿន អែម អាយុ២៣ឆ្នាំ ។
តាមស្តី្រជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុប្តីរបស់គាត់ រៀបចំឧបករណ៍ឆក់ត្រីនៅក្នុងទឹកត្រពាំង ដូចសព្វមួយដង ពេលកំពុងតែឆក់ត្រីស្រាប់តែបាត់មិនឃើញពន្លឺពិលដែលប្ដីគាត់ពាក់នៅលេីក្បាល ទើបគាត់បញ្ចាំងពិលមើលឃើញប្ដីគាត់ដួលផ្កាប់មុខនៅក្នុងទឹក ដោយសង្ស័យថាគាត់ត្រូវចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីឆក់ ទើបរត់មកផ្លូវស្រែកហៅឱ្យអ្នកភូមិជួយ ។ បន្ទាប់មកក៏មានអ្នកជិតខាងមកជួយទាញប្ដីគាត់ឡើងមកលើគោកជួយធ្វើចលនាសង្គ្រោះ រួចដឹកយកទៅមន្ទីរពេទ្យ ពេលមកដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថា ប្ដីរបស់គាត់បានស្លាប់បាត់ទៅហើយ ទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
យោងតាមការពិនិត្យកន្លែងកើតហេតុនិងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់ ៕
ដោយ៖សុខាសែនជ័យ