ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋរិះគន់ទៅលើកម្មវិធី Town Boxing ប្រដាល់គុនខ្មែរ ដែលរៀបចំឡើងដោយក្រុមហ៊ុនថោន និងឧបត្ថម្ភពីស្រាបៀរ GANZBERG

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំពេញចិត្តចំពោះសកម្មភាពការលើកស្ទួយចំពោះកីឡាក្បាច់គុនខ្មែរ តាមរយៈក្រុមហ៊ុនជាច្រើន រៀងរាល់កម្មវិធីក្នុងការប្រកួត ផ្ដល់ឱកាសឲ្យកីឡាករប្រដាល់កម្ពុជា ទទួលបានការឧបត្ថម្ភមានចំនួនលើសលុប ស្មើនឹងការលើកទឹកចិត្ត ឱ្យវិស័យមួយនេះ កាន់តែមានសក្តានុពល ទាំងកិត្តិយសប្រទេសជាតិ ភាពល្បីល្បាញរបស់កីឡាករ ។ ប៉ុន្តែខ្ញុំហាក់ដូចជា មិនពេញចិត្តទាល់តែសោះ ចំពោះការបង្អាប់អក្សរសាស្ត្រខ្មែរ ហើយលើកតម្កើងអក្សរសាស្ត្របរទេស ឆ្លៀតក្នុងកម្មវិធីប្រកួតលើកញ្ចក់ទូរទស្សន៍ ឬក៏ប្រព័ន្ធផ្សព្វផ្សាយ ។ នេះជាការលើកឡើងរបស់អ្នកនិយមចូលចិត្តមើលកម្មវិធីប្រដាល់ក្បាច់គុនខ្មែរ។ បន្ទាប់ពី Town Boxing រួមជាមួយនឹងក្រុមហ៊ុនស្រាបៀរ GANZBERG រៀបចំការប្រកួត ប្រម៉ូសិនពាណិជ្ជកម្ម លើកតម្កើងអក្សរសាស្ត្រខ្មែរ ដូចជាព្យញ្ជនៈ ទាំង ៣៣ តួ ។ ផ្ទុយទៅវិញ ! ព្យញ្ជនៈទាំង ៣៣ តួ បែរជាស្ថិតនៅក្រោមការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្រាបៀរទៅវិញ ? គួរណាស់តែឲ្យតម្លៃអក្សរសាស្ត្រខ្មែរ ព្យញ្ជនៈ ៣៣ តួនេះនៅលើការផ្សព្វផ្សាយស្រាបៀរនោះទើបប្រសើរជាង។

សូមបញ្ជាក់ថា : កម្មវិធីប្រកួត Town Boxing  GANZBERG ស្រលាញ់គុនខ្មែរ!រាជសីហ៍ KUN KHMER!! ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤

◆GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិត ពិភពលោក!

-ពេជ្រ សម្បត្តិ (PICH SAMBATH)ប៉ះ (WANG ZUNYANG) VS វ៉ាង ស៊ុនយ៉ាង

-ផល សោភ័ណ្ឌ (PHAL SOPHORN) ប៉ះ(ZHANG LANPEI) VS សាំងឡាន

-រឿង សោភ័ណ្ឌ (ROEUNG SOPHORN)ប៉ះ (LUO CHAO) Vs លូ ចាវ

-ធឿន ធារ៉ា (THOEUN THEARA) VS ជីឡុងចឹង (JI LONG THENG) ។ ដែលគេបានផ្សព្វផ្សាយថា, ស្រលាញ់គុនខ្មែរ ស្រលាញ់ GANZBERG , ចំណុចនេះប្រជាពលរដ្ឋ ចង់សួរថា, ការផ្សព្វផ្សាយស្រាបៀរ GANZBERG ដាក់ពីលើព្យញ្ជនៈអក្សរខ្មែរ តើយើងជាខ្មែរ ពេញចិត្តទេ មានឆន្ទៈអភិរក្សអក្សរសាស្ត្រឬទេ ?

ទោះជាកម្មវិធីនេះឧបត្ថម្ភដោយ៖ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឆ្ងាញ់ កម្រិតពិភពលោក នោះក៏ដោយ ប៉ុន្តែអ្នករៀបចំកម្មវិធី គួរពិនិត្យឡើងវិញជុំវិញបញ្ហានេះ ដើម្បីចូលរួមចំណែក លើកវិស័យក្បាច់គុណខ្មែរ ជួយដល់កីឡាករប្រដាល់ជាតិយើង ហើយក៏មិនចាំបាច់ យកឱកាសមួយនេះ ផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ះពាល់ដល់អក្សរសាស្ត្រជាតិរបស់យើងផងដែរ។

សូមបញ្ជាក់ថា : ក្នុងលិខិតរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកត់សម្គាល់ពីសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ ហើយក្នុងនោះក៏មានបទសម្ភាសន៍អ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ដើម្បីអូសទាញប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យឈ្លក់វង្វេង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹង ដោយខ្វះការទទួលខុសត្រូវ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងផលប៉ះពាល់សុខភាពជាដើម។

ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

«ហាមផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង ផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក, ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ»។ ទាំងនេះ ជាការក្រើនរំលឹករបស់លោក នេត្រ ភក្ត្រា ដោយលោកណែនាំឱ្យដាក់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ» នារាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា។

ចំពោះស្ពតពាណិជ្ជកម្មដែលគោរពតាមការណែនាំ ក្រសួងព័ត៌មានទុកពេលឱ្យរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួល។ ក្នុងករណីមិនមានការអនុវត្តតាមលិខិតជូនដំណឹង ក្រសួងនឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

នៅថ្ងៃទី៩ ខែមករា កន្លងទៅ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។ បើតាមក្រសួង ជាតិអាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

គ្រឿងស្រវឹងបង្ករផលប៉ះពាល់រយៈពេលវែង ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម, ជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។, ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ, បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)។

អ្នកសេពគ្រឿងស្រវឹងច្រើនក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង, អសមត្ថភាពផ្លូវភេទ, ជំងឺបេះដូង និងសរសៃឈាម,ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល), ជំងឺខ្សោយសាច់ដុំ និងឆ្អឹង, ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។

ក្រៅពីនេះ អ្នកសេពគ្រឿងស្រវឹងក៏ប្រឈមកើតជំងឺមិនឆ្លងផ្សេងៗ ដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ។
ពាក់ព័ន្ធជាមួយនឹង កម្មវិធី Town Boxing ប្រដាល់គុនខ្មែរ ដែលរៀបចំឡើងដោយក្រុមហ៊ុនថោន និងឧបត្ថម្ភពីស្រាបៀរ GANZBERG ដាក់ផ្លាកក្រុមហ៊ុនលើព្យញ្ជនៈអក្សរសាស្ត្រខ្មែរ លោកផុសសុវណ្ណ អ្នកនាំពាក្យ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានប្រាប់អង្គភាព មជ្ឈមណ្ឌលនគរវត្ត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា , បើឃើញក្នុងរូបភាពនេះ មិនមែនជាភាពត្រឹមត្រូវនោះឡើយ សំខាន់ក្រសួងព័ត៌មាន តែងតែបានលើកតម្កើង អ្វីដែលជាអក្សរសាស្ត្រខ្មែរក្នុងកម្មវិធី ជាពិសេស ក្រសួងព័ត៌មាន តែងណែនាំចំពោះការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងកម្មវិធីណាមួយ ជាជាងការ ខ្វះការយកទុកចិត្តទុកដាក់ លើកតម្កើង អ្វីៗជារបស់ខ្មែរ ដូចជាការដាក់រូបភាពស្រាបៀរឬព្យញ្ជនៈខ្មែរ នោះជាកំហុសហើយ ៕

ដោយ៖ សិលា


ចែករំលែក៖