ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន និងករណីក្មេងទំនើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។
លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣៧នាក់នោះ មាន ១៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ០៨ករណី និងជនសង្ស័យ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១០ករណី។ ចំណែកករណីក្មេងទំនើងទាំង ១០នាក់នោះ មាននៅ ព្រែវែង ៥នាក់ និងបាត់ដំបង ៥នាក់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីក្មេងទំនើង និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា