ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបម៉ាកហុីយ៉ាន់ដាយបុកម៉ូតូមួយគ្រឿងកិនអូសជាច្រេីនម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសរលាត់ខ្លួនប្រាណ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឃ្លុប ម៉ាកហុីយ៉ាន់ដាយមួយគ្រឿងមិនប្រយ័ត្នបានបុកនិងកិនម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសរលាត់ខ្លួនប្រាណផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្ទុបវត្តឫស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

អ្នកបេីកម៉ូតូរងគ្រោះមានឈ្មោះ ម៉ែន ម៉ាប់ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាសន្តិសុខនៅក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯអ្នកបេីករថយន្តបង្កមិនបង្ហេីបប្រាប់អត្តសញ្ញាណនោះទេ ។ 

តាមសម្ដីអ្នកបេីកម៉ូតូម៉ាកហុងដាវេ៉វ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GO-1585បានឱ្យដឹងថា គាត់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង និងមកដល់ភ្លើងស្តុបវត្តឫស្សីសាញ់ក៏ឈប់ចាំភ្លើងពណ៌បៃតង ។ លុះពេលស្តុបលោតពណ៌បៃតងវិញក៏ធ្វេីដំណេីរទៅមុខស្រាប់តែត្រូវរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទរថយន្តឃ្លុប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5134 ដែលបានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុង ទិសដៅពីកលិចមកកេីត បានបុកម៉ូតូជនរងគ្រោះពីចំហៀងពេញទំហឹង ធ្វេីឱ្យបុរសម្ចាស់ម៉ូតូដួលខ្ទាតមកចិញ្ចេីមផ្លូវរងរបួសរលាត់ខ្លួនប្រាណ ។ រីឯម៉ូតូនៅក្រោមរថយន្តបង្កអូសប្រហែល១០ម៉ែត្រទេីបឈប់ ។ 

ក្រោយកេីតហេតុ ភាគីទាំងពីរបានធ្វេីការចរចាគ្នាដែរតែមិនត្រូវរូ៉វគ្នាទេីបសមត្ថកិច្ចមូលដ្ឋានផ្នែកចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាបន្តនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖