ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ក្រោយប្រព្រឹត្តិសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃនៅស្រុកបាណន់។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ វង្ស ចាន់ដារ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន ជានាយកសាលាបឋមសិក្សាពាក់ស្បែក ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានប្តឹងរាយការណ៍ថា កាលពីវេលាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) នៅបន្ទប់អគារទីចាត់ការសាលាបឋម សិក្សាពាក់ស្បែក ស្ថិតនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបងបានកើតមានឡើង ដែលប្រព្រឹត្តិដោយជនមិនស្គាល់អត្តសញ្ញាណនិងចំនួនបានគាស់ឆ្កឹះសោទ្វារបន្ទប់ទីចាត់ការសាលាចូលលួចយកសម្ភារៈរួមមាន៖
-កូនម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង។
-ធុងបាស់ពណ៌ខ្មៅចំនួន០១គ្រឿង ។
បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងនេះភ្លាម លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ជូនមកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបានចាត់ចែង ដឹកនាំធ្វើការស្រាវជ្រាវទៅតាមវិធានការជំនាញ ក្នុងនោះមានកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង ធ្វើការកំណត់មុខសញ្ញាបាននិងឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់គឺ៖
១-ឈ្មោះ ចន សុភុត ហៅ ស៉ីវ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ តិប សារ៉ែន ហៅ ក្រច ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយនាំមកធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាណន់។ក្រោយពីបានសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា នៅក្នុងហេតុការណ៍នោះគឺពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកទ្រព្យ សម្បត្តិនៅក្នុងបរិវេណទីចាត់ការសាលានោះប្រាកដមែន ហើយពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារដែលដកហូតបានត្រូវប្រគល់ជូនទៅជនរងគ្រោះវិញ៕
ដោយ៖ អរុណរះ