ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស ៣៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងករណី​ក្មេងទំនើង កាលពីម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៣៧នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ ,បទល្មើសគ្រឿងញៀន​ និងករណីក្មេងទំនើង កាលពីថ្ងៃទី១៧ ខែកក្កដា​ ​ឆ្នាំ២០២៤​ម្សិលមិញនេះ។

លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង​ ៣៧នាក់នោះ មាន ១៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ០៨ករណី​ និងជនសង្ស័យ​ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១០ករណី​។ ចំណែក​ករណី​ក្មេងទំនើងទាំង ១០នាក់នោះ មាននៅ ព្រែវែង ៥នាក់ និងបាត់ដំបង ៥នាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។ 

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសផ្សេងៗ​ ជាពិសេស​ករណី​ក្មេងទំនើង​ និងបម្រើប្រជាពលរដ្ឋផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖