ព័ត៌មានទាន់ហេតុការណ៍៖

សាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ត្រូវ​បានមន្រ្តីជំនាញ​ ដកហូត​និងធ្វើការដុតកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ សាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន​ ត្រូវ​បានមន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ត្រីគយតំបន់១ ចុះបង្ក្រាបនិងដកហូតបានយកមកធ្វើការដុតកម្ទេចចោល។ នេះបេីយោង​មន្រ្តីជំនាញ​សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៤។ 

មន្រ្តីជំនាញ​ (ក.ប.ប.) បានឱ្យដឹងទៀតថា​ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញ​ (ក.ប.ប.) រាជធានីភ្នំពេញ​ បានសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ដែលជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធានការទៅតាមនីតិវិធី។ 

ទំនិញទាំងនោះ រួមមាន៖ ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម (សរុប ៣,១៩៥គីឡូក្រាម) ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន។ 

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមន្ត្រីជំនាញបានពន្យល់ ណែនាំអំពីនីតិវិធី និងផលប៉ះពាល់នានារួចមក  ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កក និងគ្រឿងក្នុងទាំងនោះ ដោយការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕

ដោយ​៖ តារា​


ចែករំលែក៖