ភ្នំពេញ ៖ ជាការព្យាបាលដោយចលនា ស្អំសរសៃ តាមរយៈការធ្វើដោយដៃ ដោយម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និងធ្វើលំហាត់មួយចំនួនទៀតដើម្បីពង្រឹងសន្លាក់សាច់ដុំ។
ក) មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖
– ប៉ះទង្គិច ឬដួលបុកលើជង្គង់
– គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា
– រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត)
ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖
– ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា
– ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខ សាច់ដុំផ្នែកខាងក្រោយ
– អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកំលាំងសាច់ដុំ និងលំនឹងជង្គង់
គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការព្យាបាលដោយចលនាផ្ដោតសំខាន់លើការបំបាត់ការឈឺចាប់ និងពិការភាពជង្គង់។ គ្រូពេទ្យនឹងពិនិត្យពីស្ថេរភាពជង្គង់របស់អ្នក ថាមានបញ្ហាមកពីគ្រេច ថ្លោះសន្លាក់ជង្គង់ យារវែងសរសៃយាងជុំវិញជង្គង់ មានការឈឺចាប់នៅគន្លាក់ខាងក្រោយ និងសរសៃជុំវិញជង្គង់ ហើយការព្យាបាលរួមមាន៖
– ស្អំសរសៃដោយម៉ាស៊ីន Micro thermy ដើម្បីបំបាត់ការឈឺចាប់លើសរសៃជុំវិញជង្គង់
– ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់ជង្គង់
– ប្រើម៉ាស៊ីន Ultrasound therapy ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់ជង្គង់ និងជាសះស្បើយសរសៃដែលរបួស
– ធ្វើលំហាត់សន្លាក់ជង្គង់ ពង្រឹងសាច់ដុំជង្គង់ និងធ្វើយ៉ាងណាឲ្យជង្គង់របស់អ្នក ប្រើប្រាស់បានឡើងវិញ ទៅធ្វើការ និងលេងកីឡាបានដូចធម្មតាវិញ
ឃ) តើនៅពេលណាទើបអាចត្រឡប់ទៅធ្វើការ និងលេងកីឡាវិញបាន ក្រោយពេលព្យាបាលជង្គង់?
គ្រូពេទ្យព្យាបាលដោយចលនា អាចព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកនៅក្នុងរយៈពេលពី ១ ទៅ ៣សប្តាហ៍ ដែលធ្វើឲ្យមានការជាសះស្បើយសរសៃដែលរបួស និងបាត់ឈឺចាប់។ បន្ទាប់ពីព្យាបាលជាសះស្បើយ និងបាត់ការឈឺចាប់ លោកអ្នកអាចធ្វើការ និង លេងកីឡាវិញបានដូចធម្មតា។
បើបងប្អូនមានការឈឺជង្គង់តិចតួចក៏ដោយ ចូរកុំគិតថាវាគ្មានបញ្ហាអ្វីសោះ ពីព្រោះការឈឺជង្គង់ អាចបង្កកាន់តែធ្ងន់ធ្ងរទៅៗ ធ្វើឲ្យយើងពិការជង្គង់ មិនអាចដើរបាន និងឈានដល់រលាកសន្លាក់ជង្គង់ រហូតដល់វះកាត់ប្ដូរសន្លាក់ជង្គង់សិប្បនិមិត្ត។ ដូចនេះការឈឺជង្គង់តិចតួច ឬបណ្ដាលមកពីគ្រេច ថ្លោះ ដោយលេងកីឡាផ្សេងៗ សូមលោកអ្នកមកទទួលការព្យាបាលដោយចលនា ស្អំសរសៃ ជាមួយគ្រូពេទ្យព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែត ៕
ដោយ ៖ សិលា