ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល បង្កើតកម្មវិធីផ្ដល់ដី ការពារព្រៃ ជូនពលរដ្ឋខ្វះដីពិតប្រាកដ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧ នៅយប់ថ្ងៃទី២២ សីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដី ការពារព្រៃ ដល់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ នាពេលឆាប់ៗខាងមុខនេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយ ដែលមានឈ្មោះ ថា «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវតម្រូវការប្រជាពលរដ្ឋ ដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេ បានចូលរួមការពារដីរដ្ឋ និងព្រៃឈើ។ សម្តេច សង្ឃឹមថា កម្មវិធីនេះ នឹងអាចចាប់ផ្តើមអនុវត្តបាន នៅដំណាច់ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលគំនិតសង្ខេបនៃកម្មវិធីនេះ គឺយើងរៀបចំផ្តល់ដីសម្បទាន ក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ហើយត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនោះ នឹងជួយរាជរដ្ឋាភិបាល នៅក្នុងការការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ នៅជុំវិញកន្លែងដែលពួកគាត់រស់នៅ ។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីនេះ នឹងផ្តោតឆ្ពោះទៅតំបន់ភាគឦសាននិងតំបន់មួយចំនួនទៀត ដែលមានការជាបាច់ ក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន ដើម្បីបង្កើនប្រសិទ្ធភាព និងសំទុះ នៅក្នុងការកិច្ចការងារយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រី គឺជាប្រធាន និងយន្តការថ្នាក់លេខាធិការដ្ឋាន នឹងត្រូវបង្កើតឡើង ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព នៃកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ ។

សម្តេចបានគូសបញ្ជាក់ថា គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានធ្វើការប្រឡងជ្រើសរើស មន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយនៅតាមគោលដៅចំនួន២៥០ឃុំ នៅក្នុង៨៩ស្រុក និង១៧ខេត្ត ដែលចុះជួប ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករបានសរុបជិត១២ម៉ឺនគ្រួសារ ។

សម្តេចមានប្រសាសន៍បន្ថែមថា «ខ្ញុំបានឯកភាពឱ្យប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំ ចំនួន១ពាន់នាក់បន្ថែមទៀត ដែលផែនការចាស់មានត្រឹមតែ៨០០នាក់ប៉ុណ្ណោះ។ ខ្ញុំបានអនុញ្ញាតឱ្យបន្ថែម២០០នាក់ទៀតឱ្យគ្រប់១ពាន់នាក់ ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្ត ជាពិសេសនៅតាមឃុំទាំងអស់នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៃខេត្តក្នុងតំបន់ឦសានរបស់យើង»។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលក៏បានរៀបចំដាក់ឱ្យដំណើរការនូវសហគមន៍ទំនើបចំនួន៨ ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកណ្តាល ដើម្បីជួយកសិករអំពីវិធីសាស្រ្តថ្មីនៅក្នុងការបង្កើនផលិតផលដាំដុះ និងការបង្កើនប្រាក់ចំណូល ៕

ដោយ ៖ សិលា


ចែករំលែក៖