ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកំពូលអុីរ៉ង់បានបើកកិច្ចប្រជុំបន្ទាន់មួយនៅពេលយប់

ចែករំលែក៖

នៅយប់ថ្ងៃទី ២៧ ខែកញ្ញា មេដឹកនាំកំពូលរបស់អុីរ៉ង់ Ali Khamenei បានកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលប្រឆាំងនឹងមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah។
ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅភាគខាងត្បូងទីក្រុង Beirut បានធ្វើឱ្យអគារលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ និងបានវាយប្រហារទៅលើមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ។ យោងតាមការវាយតម្លៃដំបូងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អុីស្រាអែល លោក Nasrallah អាចត្រូវបានគេសម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានព្រមានថា ការសន្និដ្ឋាននេះនៅតែអាចផ្លាស់ប្តូរបាន។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់មួយរូប របស់មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានចេញមុខព្រមានថា អ៉ីស្រាអែលកំពុងតែឈានជើងឆ្លង ខ្សែបន្ទាត់ក្រហមរបស់ទីក្រុងតេហរ៉ង់ ហើយស្ថានការណ៍កំពុងវិវត្តទៅរកសភាពធ្ងន់ធ្ងរជាខ្លាំង បន្ទាប់ពីអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស លើទីបញ្ជាការកណ្តាលរបស់ក្រុមហេសបូឡាហ៍ (Hezbollah) នៅភាគខាងត្បូងរដ្ឋធានី Beirut របស់ប្រទេសលីបង់។
មន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំកំពូលរបស់ Hezbollah គឺលោក Sayyed Hassan Nasrallah ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហារលើទីក្រុង Beirut កាលពីថ្ងៃសុក្រ។ ទីប្រឹក្សាមេដឹកនាំកំពូលអ៉ីរ៉ង់ បានលើកឡើងថា ការធ្វើឃាតនឹងមិនអាចដោះស្រាយបញ្ហារបស់អ៉ីស្រាអែលបានឡើយ ប្រសិនបើមេដឹកនាំចលនាតស៊ូត្រូវបានសម្លាប់ នោះអ្នកផ្សេងទៀតនឹងឡើងជំនួសកន្លែងពួកគេ។
កាលពីដើមខែសីហា មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែលនៅតំបន់ហ្កាហ្សាត្រូវបានគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ខណៈអ៉ីរ៉ង់និងហាម៉ាស់ បានទម្លាក់កំហុសទៅលើអ៉ីស្រាអែល។ ភ្លាមៗ ក្រុមហាម៉ាស់ ក៏បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួន។
បើតាមប្រភពពីមន្រ្តីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់ កំពុងផ្ទៀងផ្ទាត់ស្ថានភាពរបស់លោក Nasrallah ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល ខណៈប្រភពមួយទៀត ដែលជិតស្និទ្ធនឹង Hezbollah បានអះអាងប្រាប់ Reuters ថា លោក Nasrallah នៅមានជីវិត។ យ៉ាងណាមិញ ក្រុម Hezbollah ផ្ទាល់មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ នៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ NYT


ចែករំលែក៖