ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ការងារ ​ចេញសេចក្តីអំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋភាគច្រើ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុកកំណើត និងត្រឡប់ពីស្រុកកំណើតមករាជធានីភ្នំពេញវិញ អាចជិះរថយន្ត ក្រុងដែលផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬភោជនីយដ្ឋាននានា ប្រកបដោយភាពសប្បាយរីករាយ។

ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតមួយចំនួនដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬ ភោជនីយដ្ឋាននានា នឹងមានភាពមមាញឹកទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលឈប់សម្រាក ធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬភោជនីយដ្ឋាននានា សូមមានការ យោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬ ខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលា ផ្ទាល់ខ្លួនបំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។

ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សា សណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនទាំងអស់ អាចមាន ពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។

ជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ មេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម របស់ខ្លួន។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនពរ ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរទៅគ្រប់ទីកន្លែងប្រកបដោយ សុខសុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរដោយគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យគ្នាទៅវិញទៅ មក ព្រមទាំងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖