ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ពោលគឺពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែ កញ្ញា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងនោះ គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។
ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុន វិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។
ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ រួមមាន៖ ១ ទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២,៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣,៨៦០កន្លែង។
គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ MW តាមរូបភាព Build Operate Transfer (BOT) ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុន វិនិយោគប្រមាណជាង៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២២០ កន្លែង។ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៩៧កន្លែង។
២.ទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មាន៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ុស្នួល ក្នុងទុនវិនិយោគប្រមាណជាង៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ ២,០០០កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥កន្លែង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧៤ លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,២៥០កន្លែង។
គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕
ដោយ៖ សូរិយា