ព័ត៌មានទាន់ហេតុការណ៍៖

ចោរអំបុកចោរអំបែង សកម្មលួចគាស់ផ្ទះអ្នកភូមិ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការជាលើកទី២

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកស្អាងឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែឧសភានេះថាជនសង្ស័យដែលប្រជាពលរដ្ឋ ដាក់រហស្សនាមថា «ចោរអំបុក ចោរអំបែង» ដោយសារសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋជាញឹកញាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបានកាល ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ ការតាមនីតិវិធីជាលើកទី២។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះមានសកម្មភាពយ៉ាងសកម្ម ក្នុងការលួចគាស់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រោយទទួលបានពាក្យវបណ្ដឹងជាបន្តបន្ទាប់ សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ជនសង្ស័យមានឈ្មោះ ភា សុផេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ តាមការពិនិត្យ ជនសង្ស័យមានវិជ្ជមានសារធាតុញៀន (+) និងជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។

ប្រភពដដែលបន្តថា ជនសង្ស័យធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន១លើករួចមកហើយ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីលួចលុយក្នុងផ្ទះវីង ហើយក្រោយចេញពីពន្ធនាគារ នៅតែបន្តធ្វើសកម្មភាពលួចរបស់របរប្រជាពលរដ្ឋក្នុងភូមិឃុំដដែល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមផ្លូវច្បាប់៕


ចែករំលែក៖