ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមបុកម៉ូតូហុងដាឃ្លីកបណ្ដាលឲ្យអ្នកបើកម៉ូតូហុដាឌ្រីមចូលក្រោមកង់រថយន្តកិនស្លាប់

ចែករំលែក៖

កណ្ដាល៖ យុវជនជាអ្នកបើកម៉ូតូហុងដាឌ្រីមម្នាក់ បើកវ៉ាជែងរថយន្តនៅខាងមុខ មិនផុត បានបុកជាមួយម៉ូតូហុងដាឃ្លីកពេញមួយទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិនស្លាប់យ៉ាងរន្ធត់ រីឯអ្នកបើកបរម៉ូតូហុងដាឃ្លីករងរបួសធ្ងន់ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៣០នាទី នៅលើផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ជា ស៊ីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករជន ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនC125 ពណ៍ ក្រហម ពាក់ស្លាកលេខភ្នំពេញ1FG 6801។ចំណែកភាគម្ខាងទៀតឈ្មោះ វ៉ាង មីងហ្វាន(WANG MENG FAN )ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មកាត់ដេរ ជនជាតិចិន សញ្ជាតិចិន រងរបួសបាក់ឆ្អឹងភ្លៅខាងស្ដាំ ស្នាក់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក(KLICK) បើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយបានវ៉ារថយន្តដែលនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូឃ្លីកខាងលើ ពេលបុកហើយ ក៏បានខ្ទាតអ្នកបើកបរម៉ូតូហុងដាឌ្រីមចូលក្រោមកង់រថយន្តបែនប្រភេទ៥តោន ហើយត្រូវរថយន្តនោះក៏បានកិនអ្នកបើកបរម៉ូតូស្លាប់តែម្ដង។អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ស្លាកលេខពណ៌ស។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ចំណែកសាកសពកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បើកបរវ៉ារថយន្ត មិនមានការប្រុងប្រយ័ត្ន ធ្វេសប្រហែស ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕


ចែករំលែក៖