ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមកនិងទិសដៅអនុវត្តការងារបន្តដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតឱ្យស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត(SFESDP) មានទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាម៉ាស៊ីន(Machining Technology) និងតបណ្តាញ/សរសេរកម្មវិធីព័ត៌មានវិទ្យា (IT Networks/Programming)។ បន្ថែមពីនេះ កម្មវិធីនឹងជួយប្រែក្លាយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលត្រូវបានជ្រើសរើសឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកបច្ចេកទេសដែលមានគុណភាពខ្ពស់ ក្នុងវិស័យអាទិភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការបច្ចេកវិទ្យា និងឧស្សាហកម្ម៕
ដោយ៖ សូរិយា