ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគេចពីគោលដៅសមត្ថកិច្ចជ្រុលទៅបុកឡំប្រឺតានិងទ្រូងផ្លូវបណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ ក្រោយពីបើករថយន្តគេចចេញពីគោលដៅត្រួតពិនិត្យចរាចរណ៍របស់សមត្ថកិច្ច រហូតដល់សង្កាត់ទឹកថ្លា ហើយបុករះម៉ូតូកង់បីចំនួនពីរគ្រឿងនិងទ្រូងផ្លូវបាក់អស់ជាច្រើនកង់ កាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BW-6802 ធ្វើដំណើរចូលមកក្នុងគោលដៅត្រួតពិនិត្យចរាចរណ៍ មិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសរូបនោះបានព្យាយាមបើករថយន្ដរត់គេច ទើបកម្លាំងសមត្ថកិច្ចយករថយន្តស៊ីរ៉ែនដេញតាមពីក្រោយ ហើយបុរសរូបនោះព្យាយាមបើករត់គេចរហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បុកជាមួយឡំប្រឺតាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1FS-6768 ដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខ ហើយឡំប្រឺតានោះក៏បានខ្ទាតទៅប៉ះជាមួយឡំប្រឺតាមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលអោយអ្នកបើកបរនិងអ្នករួមដំណើរក្នុងកង់បី សរុបចំនួនបីនាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវបណ្តាលឱ្យបាក់អស់ជាច្រើនកង់។

   បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចដែលបានប្រដេញតាមពីក្រោយ បានវាយខ្នោះបុរសរូបនោះបញ្ជូនទៅអធិការដ្ឋាននគរបាលទាំងយប់ ដើម្បីសាកសួរ។ ចំណែកឯរថយន្តនិងឡំប្រឺតាដែលរងគ្រោះសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖