ខេត្តតាកែវ៖ ទំហំនៃទំនិញគេចពន្ធ ត្រូវបានគេទទួលស្គាល់ថា មានចំនួនច្រើន នាំចូលពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីមានការឃុបឃិតរវាងឈ្មួញ នឹងប្រធានការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ លោក នាង សុខុម ។ ក្នុងនោះ មានទូកប៉ុកចាយធំៗចំណុះរាប់សិបតោន ដឹកទំនិញគេចពន្ធជាច្រើនប្រភេទ មានជាប្រេង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង មេស្រា ម្ស៉ៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាសរថយន្ត គ្រឿងសំណង់ ដែក និងត្រីជាដើម យ៉ាងអនាធិបតេយ្យ ដែលគេសង្ស័យថា បង់ពន្ធមិនគ្រប់ចំនួន ឬពីទំនិញនាំចូលបង់ពន្ធខ្ពស់មកបង់ពន្ធនាំចូលប្រភេទជាទំនិញចម្រុះ ចាប់ហួយជាដើម ។ ក្រៅពីឈ្មួញជាច្រើននាក់ ដែលនាំទំនិញគេចពន្ធតាមច្រកបាក់ដៃ គឺមានលោកស័ក្តិ៥មួយរូបឈ្មោះ អេង ឃាង មេបញ្ជាការយោធាវរសេនាតូចលេខ៣០១ ការពារព្រំដែនគោក ជាអ្នករកស៊ីដឹកជញ្ជូនគ្រឿងសំណង់ ពិសេសដាក់គ្រឿងដែកមានចំនួនច្រើនជាងគេ ដឹកពីវៀតណាមដោយទូកប៉ុកចាយធំៗ និងបន្តដាក់តាមរថយន្តយីឌុប ផ្ទុកលើសទម្ងន់ បង់ពន្ធមិនគ្រប់ គឺជាវប្បធម៌របស់គាត់រកស៊ីយូរឆ្នាំមកហើយ ។ លោកស័ក្តិ៥ អេង ឃាង បានបែងចែកទៅកាន់ក្រុមគយ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមុខរបរគេចពន្ធរបស់គាត់ដំណើរការបាន ។
គួររំលឹកថា កន្លងទៅ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះបង្ក្រាបរថយន្តដឹកដែករបស់លោកស័ក្តិ៥ អេង ឃាង បានជាច្រើនគ្រឿង ជាក់ស្តែងពិនិត្យឃើញថា ដែកដែលនាំចូលបង់ពន្ធមិនគ្រប់ និងផ្ទុកលើសទម្ងន់ ពិសេស លោកស័ក្តិ៥រូបនេះ ថែមទាំងប្រើប្រាស់ស្លាកលេខក្លែង ស្លាកលេខមួយដាក់រថយន្ត២គ្រឿង ត្រូវបានសមត្ថកិច្ចរកឃើញ ថែមទាំងមានវត្តមានលោក អេង ឃាង ចេញរកអ្នកជួយអន្តរាគមន៍ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយស្ថាប័ណគយ ឲ្យឈ្មួញ អេង ឃាង ត្រូវតែបង់ពន្ធជូនរដ្ឋ និងពិន័យ ។
នៅក្នុងខេត្តតាកែវ លោកស័ក្តិ៥ អេង ឃាង ល្បីសុះសាយខាងនាំទំនិញគេចពន្ធ ពិសេសគ្រឿងសំណង់ពីវៀតណាមមក ដោយបង់ពន្ធមិនគ្រប់ យកមកចែកចាយនៅក្នុងខេត្ត និងមកកាន់រាជធានីភ្នំពេញឲ្យក្រុមហ៊ុនធំៗជាច្រើន ពិសេស ផ្គត់ផ្គង់ខាងសំណង់បុរី ។
ច្រកបាក់ដៃ ក្លាយជាភាពធូរលុង ក្នុងការគ្រប់គ្រងរបស់លោក នាង សុខុម ខណៈគាត់បានទទួលផលប្រយោជន៍ពីក្រុមឈ្មួញ និងរួមគ្នាបង់ពន្ធរបៀបក្លែងទំនិញ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ពិសេស លោក ស័ក្តិ៥ អេង ឃាង បន្ទាប់ពីត្រូវដងត្រូវផ្លែគ្នាជាមួយមេគយ នាង សុខុម មិនត្រឹមតែដឹកជញ្ជូនគ្រឿងសំណង់ដូចជាដែក បង់ពន្ធមិនគ្រប់ប៉ុណ្ណោះទេ ថែមទាំងផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងប្រើប្រាស់ស្លាកលេខក្លែង ក៏នៅតែពុំឃើញមានវត្តមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធចាត់វិធានការ ។ ក្រៅពីទំនិញគេចពន្ធទាំងនេះហូរចូល ច្រកបាក់ដៃ ត្រូវបានគេរាយការណ៍មកថា ករណីខ្លះមានការដឹកជញ្ជូនឈើតាមទូកឆ្លងទៅវៀតណាម ប៉ុន្តែបច្ចុប្បន្នស្ងាត់មួយរយៈ ហើយលេចចេញភាពសម្បូរបែបខាងទំនិញគេចពន្ធ បន្ទាប់ពីលោកនាង សុខុម សម្ងំក្តោបសេដ្ឋកិច្ចពីក្រុមឈ្មួញ ។ បើទោះជាមានការលើកឡើងបែបនេះពីឈ្មួញ និងសមត្ថកិច្ចរាយការណ៍ក៏ដោយ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នគរវត្តមិនអាចទាក់ទងបានទេពីលោក នាង សុខុម ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោកស័ក្តិ៥ អេង ឃាង មេបញ្ជាការយោធាវរសេនាតូចការពារព្រំដែនលេខ៣០១ មិនបានធ្វើអត្ថាធិប្បាយជុំវិញការរិះគន់ខាងលើនេះទេ តាមទូរស័ព្ទជាមួយនគរវត្តនារសៀលថ្ងៃ ខែ ឆ្នាំដដែលនេះ គាត់បានត្រឹមតែលើក ប៉ុន្តែមិននិយាយ និងជាច្រើនដង ។
សមត្ថកិច្ចពាក់ព័ន្ធសំណូមពរឲ្យលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត រឹតបន្តឹងជុំវិញបាតុភាពមិនប្រក្រតី ដែលប្រធានការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ លោកនាង សុខុម កំពុងងប់ងល់នឹងសេដ្ឋកិច្ចក្រៅផ្លូវការជាមួយឈ្មួញ បណ្តាលឲ្យរដ្ឋបាត់បង់ចំណូលពន្ធនាំចូលនេះជាដើម ៕ សុខ ខេមរា