ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ និងឃាត់ខ្លួន​យុវជនពីរនាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ខុសច្បាប់​

ចែករំលែក៖

ខេត្ត​កំពត៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹង​នៅថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី​ ដោយ​ឃាត់ខ្លួនជនសង្ស័យពីរនាក់​ជាបន្តបន្ទាប់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាក់ស្ដែង​កាលពីថ្ងៃទី​១៦​ ខែកញ្ញា​ម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន រស្មី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្នោរទី១ ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពី​ និងចាប់យកវត្ថុតាងរួមមាន៖​ ថ្នាំញៀនចំនួន ៣៣កញ្ចប់ ទម្ងន់ ៦៩.២៩ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច),​ ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយ ចំនួនធំ,​ ម៉ូតូចំនួន ០១គ្រឿង ,ទូរស័ព្ទដៃចំនួន ០១គ្រឿង ។   

សូមជម្រាបថា​ យោងតាមចម្លើយជនសង្ស័យនៅវេលាម៉ោង ១៧និង១០នាទីល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ​ ក៏បានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត  ចំនួន ១នាក់ថែមទៀត ឈ្មោះ ឌី វណ្ណនន្ទ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ ឃុំសុព័រទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាង៖

-ថ្នាំញៀនចំនួន ១កញ្ចប់ ទម្ងន់ ២៥.៥០ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)

-ម៉ូតូចំនួន ០១គ្រឿង 

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។    

បច្ចុប្បន្ន​ជនសង្ស័យទាំង ០២នាក់ និងដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនសរុបចំនួន ៣៤កញ្ចប់ ទម្ងន់ ៩៤.៧៩ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច),​ ទូរស័ព្ទដៃចំនួន ០២គ្រឿង,​ ម៉ូតូចំនួន ០២គ្រឿង ត្រូវ​បានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖