ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ជាបន្តបន្ទាប់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន រស្មី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្នោរទី១ ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពី និងចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន ៣៣កញ្ចប់ ទម្ងន់ ៦៩.២៩ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច), ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយ ចំនួនធំ, ម៉ូតូចំនួន ០១គ្រឿង ,ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
សូមជម្រាបថា យោងតាមចម្លើយជនសង្ស័យនៅវេលាម៉ោង ១៧និង១០នាទីល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ ក៏បានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ចំនួន ១នាក់ថែមទៀត ឈ្មោះ ឌី វណ្ណនន្ទ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ ឃុំសុព័រទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាង៖
-ថ្នាំញៀនចំនួន ១កញ្ចប់ ទម្ងន់ ២៥.៥០ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ម៉ូតូចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនសរុបចំនួន ៣៤កញ្ចប់ ទម្ងន់ ៩៤.៧៩ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ តារា